គិតដល់ត្រឹមល្ងាច ថ្ងៃ ទី៤ ខែវិច្ឆិកា ក្រុមមន្រ្តីនេប៉ាល់បានឱ្យដឹងថា តួលេខអ្នកបាត់បង់ជីវិត ក្រោយគ្រោះរញ្ជួយដីបានវាយប្រហារលើតំបន់ភាគខាងលិចប្រទេស កាលពីវេលាយប់ជ្រៅថ្ងៃសុក្រសប្តាហ៍នេះ បានបន្តកើនដល់យ៉ាងហោច១៣៧នាក់។
អាជ្ញាធរនេប៉ាល់បាននិយាយថា មនុស្សចំនួន៩៩នាក់បានស្លាប់ នៅស្រុក Jakarkot និង៣៨នាក់ទៀត នៅស្រុកជាប់គ្នាគឺ Rukum West ដោយស្រុកទាំងពីរស្ថិតក្នុងខេត្ត Karnali ហើយចំណុចរំញ័រកណ្តាលនៃគ្រោះរញ្ជួយដី ដែលមានកម្លាំង៥.៦រ៉ិចទ័រ និងជម្រៅខ្ទង់១៨គីឡូម៉ែត្រក្រោមផ្ទៃដីនោះ គឺនៅចំភូមិមួយកន្លែងឈ្មោះ Ramidanda។
ក្រៅពីអ្នកស្លាប់ មនុស្សយ៉ាងតិច៨៥នាក់ទៀតបានរងរបួសនៅស្រុក Rukum West និង៥៥នាក់នៅ Jajarkot។ ក្រុមមន្រ្តីនេប៉ាល់បានបង្ហាញក្តីបារម្ភថា តួលេខអ្នកស្លាប់និងរបួសអាចនឹងបន្តកើនឡើងខ្លាំងថែមទៀត ដ្បិតក្រុមសង្រ្គោះទើបតែបានទៅដល់តំបន់រញ្ជួយដីដែលមានចម្ងាយប្រមាណ៥០០គីឡូម៉ែត្រពីរដ្ឋធានីកដ្ឋមណ្ឌូ នៅវេលាទៀបភ្លឺថ្ងៃសៅរ៍នេះ ហើយចាប់ផ្តើមការស្វែងរកអ្នកនៅមានជីវិត។ គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង១១៖៤៧នាទីយប់ថ្ងៃសុក្រ ចំពេលដែលប្រជាជនកំពុងលង់លក់ក្នុងដំណេក ហើយគុណភាពនៃសំណង់អគារនៅតំបន់រងគ្រោះ ក៏មិនសូវរឹងមាំខ្លាំងផងដែរ។
គ្រោះរញ្ជួយដីខាងលើ គឺជាហេតុការណ៍រញ្ជួយដី ដែលបានសម្លាប់មនុស្សច្រើនបំផុត នៅប្រទេសអាស៉ីខាងត្បូងមួយនេះ គិតចាប់តាំងពីឆ្នាំ២០១៥មក។ កាលពីខែមេសា ឆ្នាំ២០១៥ មនុស្សជិត៩,០០០នាក់ បានបាត់បង់ជីវិត និងជាង២២,០០០នាក់ទៀតបានរងរបួស នៅពេលគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៨រ៉ិចទ័រ វាយប្រហារក្បែរភាគពាយព្យទីក្រុងកដ្ឋមណ្ឌូ។ ក្រោយមក នៅខែឧសភា ឆ្នាំដដែល គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយទៀត៧.៣រ៉ិចទ័រ បានវាយប្រហារក្បែរភាគឦសានទីក្រុងកដ្ឋមណ្ឌូ ហើយបានបណ្តាលឱ្យមនុស្សជាង២០០នាក់ស្លាប់ និងប៉ុន្មានពាន់នាក់ទៀតរងរបួស។ សរុបជារួម ផ្ទះសម្បែងប្រហែល១លានខ្នង ព្រមទាំងរមណីយដ្ឋានទេសចរណ៍ ប្រាសាទបុរាណ និងទីតាំងប្រវត្តិសាស្រ្តជាច្រើន ត្រូវបានបំផ្លិចបំផ្លាញ ដោយសារតែគ្រោះរញ្ជួយដីទាំង២ ហើយធ្វើឱ្យនេប៉ាល់ខាតបង់ សេដ្ឋកិច្ចទំហំប្រមាណ៦ពាន់លានដុល្លារ៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)