ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកសិកម្មប្រកាសស្វាគមន៍កូនផ្សោតកើតថ្មី១ក្បាលទៀត នៅអន្លង់កាំពី ខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ មានសេចក្ដីសោមនស្សរីករាយជម្រាបជូនសាធារជនជ្រាបថា កូនផ្សោតកើតថ្មី ១ក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវប្រទះឃើញនៅវេលាម៉ោង ១៣ និង៥០នាទីរសៀល នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមរយៈការផ្ដល់ដំណឹងពីអ្នករត់ទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្រុមការងាររបស់រដ្ឋបាលជលផល និងអង្គការ WWF បានចុះទីដល់ទីតាំង និងថតបានរូបថតកូនផ្សោតនេះ ដែលកំពុងហែលលេងក្នុងក្រុមហ្វូងសត្វផ្សោតប្រមាណ៦ក្បាល ក្នុងអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានចំណុចនិយាមកា ៤៨P: ០៦១០៤០៥ និង UTM: ១៣៩០៨៧៧។ 

បើតាមការអង្កេតជាក់ស្តែងរយៈពេលប្រមាណ២ម៉ោង ក្រុមការងាររដ្ឋបាលជលផល និងអង្គការ WWF សង្កេតឃើញថា ពុំមានសកម្មភាពបំពានណាមួយពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតទើបនឹងកើតថ្មីនោះទេ។ 

សូមជម្រាបជូនដែរថា កូនផ្សោតកើតថ្មីនេះជាកូនផ្សោតទី៨ហើយ ដែលបានកត់ត្រាក្នុងឆ្នាំ២០២៣នេះ៕

ដោយ៖ សូរិយា


ចែករំលែក៖