ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិបាល៖ «សេរីភាព និងការទទួលខុសត្រូវមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ»

ចែករំលែក៖

ភ្នំពេញ៖ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិបាល​ លោក ប៉ែន បូណា បានថ្លែងថា៖ នៅពេលក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួន កំពុង​ខ្នាស់​ខ្នែង​បំពង​សំឡេង​គាំទ្ររបាយការណ៍អង្គការបរទេសដែលចេញរបាយការណ៍ថា សេរីភាពបញ្ចេញមតិ ភាព​ជាតំណាងរបស់ពលរដ្ឋ និងសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់​ចុះ​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​ទាប។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល បានផ្ដល់ការពន្យល់ងាយៗអំពីភាពសត្យានុម័ត នៃការប្រើ​ប្រាស់​សិទ្ធិ​សេរី​ភាព ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។

លោក ប៉ែន បូណា បានចេញផ្សាយអត្ថបទពន្យល់ខ្លីមួយក្រោមចំណងជើងថា «សេរីភាព និង​ការ​ទទួល​ខុស​ត្រូវ​មិន​អាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ»។ អត្ថបទនេះ បានចេញផ្សាយ បន្ទាប់ពី​មាន​អ្នក​សារព័ត៌មា​ន​មួយចំនួន បានសាកសួរឯកឧត្តម ដោយយោងលើ​របាយការណ៍​របស់​អង្គការ​បរទេស​មួយ​នោះ រាប់ទាំង​ការ​ប្រឹង​បន្ទរ​សំឡេង​គាំទ្រ​ទៅ​តាម​ទម្លាប់​ពី​សំណាក់​បណ្ដា​អង្គការ​មួយ​ចំនួន​នៅ​កម្ពុជា​។

តើសេរីភាពបញ្ចេញមតិ ភាពជាតំណាងរបស់ពលរដ្ឋ និងសេរីភាពសារព័ត៌មាននៅកម្ពុជា បាន​ធ្លាក់​ចុះ​ដោយ​ទទួលបាចំណាត់ថ្នាក់ទាប ពិតជាការអះអាងត្រឹមត្រូវ? ខាងក្រោមនេះ គឺជាសម្រង់ ការពន្យល់ និងបកស្រាយរបស់ឯកឧត្តម ប៉ែន បូណា។

មាត្រា៤១ ​នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា«ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ជនណា​ក៏​ដោយ​មិន​អាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ ដល់ទំនៀម​ទម្លាប់​ល្អ​របស់​សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌​មាន​ត្រូវ​រៀបចំ​ឡើង​ដោយ​ច្បាប់»។ មាត្រានេះមានន័យគ្រប់គ្រាន់ក្នុងការធានាសេរីភាពបញ្ចេញមតិ សេរីភាព​សារព័ត៌មាន និងសេរីភាពផ្សេងទៀត​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ក្នុង​ក្រប​ខ័ណ្ឌ​ច្បាប់​ និង​ការ​ទទួល​ខុស​ត្រូវ។ នេះគឺជាខ្នាតសម្រាប់វាស់វែង។

នៅលើពិភពលោកនេះ គ្មានប្រទេសណាអនុញ្ញាតឱ្យប្រើសិទ្ធិ​ដោយ​មិនភ្ជាប់​ជា​មួយ​នឹង​ការ​ទទួល​ខុស​ត្រូវ​ឡើយ។ សូម្បីតែហ្វេសប៊ុកក៏មានកំណត់អំពីស្តង់ដាសហគមន៍ដែរ។ ប្រសិនបើយើង​ហ៊ាន​បំពាន​ សេរីភាពរបស់យើងនឹងត្រូវគេបិទខ្ទប់មិនខានឡើយ។ នៅកម្ពុជា រឿងដែល​គួរ​ឱ្យ​យក​ចិត្ត​ទុក​ដាក់ និង​ព្រួយបារម្ភគឺមិនមែនការរឹតត្បិតសេរីភាពនោះទេ ប៉ុន្តែ បញ្ហាធំបំផុតគឺការ​ប្រើប្រាស់​សិ​​ទ្ធិសេ​រីភាពមិនត្រឹមត្រូវដូចដែលរដ្ឋធម្មនុញបានកំណត់។

ក្នុងន័យនេះ ចំណាត់ការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ប្រើ​សេរីភា​ព​ដោយ​បំពាន​លើ​អ្នក​ដទៃ​មិន​ត្រូវ​ចាត់​ទុក​ការ​រឹត​ត្បិតសេរីភាពបញ្ចេញមតិឡើយ តែជាការអនុវត្តច្បាប់ក្នុងក្របខ័ណ្ឌនីតិរដ្ឋទៅវិញទេ។ ចំណែក​ឯ​ដំណើរ​ការ​សារ​ព័ត៌មាន​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​ដែល​កំពុង​ស្ថិត​នៅ​ជាធរមាន។ គ្មានជនណា​អាច​បដិសេធ​ច្បាប់​ដែល​អនុម័ត​ដោយ​រដ្ឋសភា និង​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើជាធរមានបានទេ។

និយាយពីភាពជាតំណាងរបស់ប្រជាពលរដ្ឋ ក្រៅពីការបោះ​ឆ្នោត​ដែល​ជា​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ដ៏​ធំបំផុត ប្រជាពលរដ្ឋខ្មែរក៏អាចលើកបញ្ហានានាជូនដល់អាជ្ញាធរ ឬតំណាងរាស្ត្រ​ ដើម្បី​ដោះ​ស្រាយ។ លើសពីនេះ ពួកគេអាច​សំណូមពរ​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​រហូត​ដល់នាយករដ្ឋមន្ត្រីតាមរយៈបណ្តាញទំនាក់ទំនងសង្គម។ ដូច្នេះ សេរីភាព និង​ភាព​ជា​តំណាង​របស់​ប្រជាពលរដ្ឋខ្មែរពិតជាទូលំទូលាយយ៉ាងខ្លាំង។ បញ្ហាដែលត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​នេះ​គឺ​ការ​ប្រើប្រាស់​សេរីភាព​ដែល​ភ្ជាប់​ដោយ​ការ​ទទួល​ខុស​ត្រូវ​ពី​ព្រោះ​រប​ស់​ពីរ​យ៉ាង​នេះ​មិន​អាច​ផ្តាច់ចេញពីគ្នាបានឡើយ។

ក្នុងន័យនេះ អង្គការសង្គមស៊ីវិលដែលធ្វើការខាងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គួរគប្បីចូលរួម​ចំណែក​ក្នុង​កា​រលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយ និងអ្នក​សារ​ព័ត៌មាន​មួយ​ចំនួន អំពីការទទួល​ខុសត្រូវ​ដោយ​មិន​ត្រូវ​និយាយ​តែ​ពីសិ​ទ្ធិរ​បស់​ខ្លួន​ហើយ​បំភ្លេច​ចោល​នូវ​ការគោរពសិទ្ធិអ្នកដទៃ និងគោរពច្បាប់របស់ប្រទេសនោះឡើយ។

ការប្រើប្រាស់សិទ្ធិសេរីភាពដោយមិនភ្ជាប់ជាមួយការទទួលខុសត្រូវគឺជាគ្រោះថ្នាក់មិនខុសពីការបើកបរ​យានយន្តដែលគ្មានហ្វ្រាំងនៅលើដងផ្លូវសាធារណៈនោះឡើយ។ ដូច្នេះ សូមចូលរួម​ទាំង​អស់​គ្នា​ ដើម្បី​កសាងសង្គមួយដែលសម្បូរដោយធនធានមនុស្សប្រកបដោយចំណេះដឹង ការ​ទទួល​ខុស​ត្រូវ និងការគោរពច្បាប់៕

ដោយ​៖ សហការី​


ចែករំលែក៖