ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានស្តែងឱ្យឃើញច្បាស់ពីគុណប្រយោជន៍នៃការធ្វើប្រតិភូកម្មអំណាចទៅមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា កន្លងទៅ បញ្ហាកូវីដ-១៩ បានបញ្ជាក់ឱ្យឃើញច្បាស់អំពីប្រសិទ្ធភាពនៃការធ្វើប្រតិភូកម្មសិទ្ធិទៅដល់មូលដ្ឋានក្នុងការដោះស្រាយបញ្ហាបានទាន់ពេលវេលា។ 

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មូលដ្ឋាន គឺជាអ្នកដែលមានលទ្ធភាពអាចដោះស្រាយការងារបានទាន់ពេលវេលា មានកម្លាំងសរុប និងមានកម្លាំងច្រើនណាស់នៅតាមមូលដ្ឋាន ប៉ុន្តែបើសិនអត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការដឹកនាំទេ នោះវានឹងពិបាកណាស់។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ជាក់ស្តែង ក្នុងការដោះស្រាយបញ្ហាទឹកជំនន់ បើសិននៅត្រូវការពេលវេលាយូរដើម្បីឆ្លងយោបល់មករាជធានីភ្នំពេញ គឺយើងនឹងជួបបញ្ហាលំបាកហើយ។ ដូចនេះថ្នាក់ក្រោមជាតិ ដើរតួនាទីសំខាន់ណាស់ រួមមានថ្នាក់រាជធានី ខេត្ត ឥឡូវយើងឈានទៅដល់ថ្នាក់ស្រុក ក្រុង ហើយទៅថ្ងៃខាងមុខ កិច្ចការមួយចំនួនត្រូវទៅដល់ ឃុំ សង្កាត់ទៀតផង។

សូមបញ្ជាក់ថា៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៤,០២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៩៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤៣,៦៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨៤,១២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,៧០%៕

ដោយ ៖ សហការី


ចែករំលែក៖