កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ប្រទេសនេះ “មិនទាន់រួចរាល់” ដើម្បីចរចាជាមួយរុស្ស៊ី លុះត្រាតែទីក្រុងម៉ូស្គូ បញ្ចប់យុទ្ធនាការយោធាពិសេសរបស់ខ្លួន នៅក្នុងប្រទេសអឺរ៉ុបខាងកើតនេះ ហើយបានបដិសេធព័ត៌មានពីមន្ត្រីអាមេរិកនិងអឺរ៉ុបដែលស្នើឱ្យរៀបចំការចរចាសន្តិភាព។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថា លោកមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចចរចាជាមួយរុស្ស៉ីនោះទេ រហូតទាល់តែកងទ័ពរុស្ស៉ីទាំងអស់ដកចេញពីប្រទេសរបស់លោក នៅចំពោះមុខសេចក្ដីរាយការណ៍ថាក្រុមមន្ត្រីអាមេរិកនិងអឺរ៉ុបបានជំរុញឱ្យទីក្រុងកៀវទទួលយកកិច្ចចរចាជាមួយទីក្រុងមូ៉ស្គូ។
ការវាយប្រយុទ្ធគ្នារវាងកងទ័ពរុស្ស៉ី នឹងកងទ័ពអ៊ុយក្រែននៅឯសមរភូមិ ត្រូវបានគេមើលឃើញថាមិនទាន់មានភាគីណាមួយមានប្រៀបដាច់លើភាគីណាមួយ នោះទេ បើទោះជាអ៊ុយក្រែនកំពុងធ្វើប្រតិបត្តិការវាយបកក្នុងតំបន់ភាគខាងត្បូងនិងខាងកើតនៃប្រទេសរបស់ខ្លួនក៏ដោយ។ ប៉ុន្តែ ខណៈសង្រ្គាមនៅហ្កាហ្សា កំពុងទាញការយកចិត្តទុកដាក់ចេញពីអ៊ុយក្រែន លោក ហ្សេលេនស្គី បានទទួលស្គាល់ការណ៍ពិតមួយនេះ ហើយថាក្រុមប្រទេសលោកខាងលិចមួយចំនួនកំពុងដាក់សម្ពាធឱ្យអ៊ុយក្រែនចូលអង្គុយតុចរចាជាមួយរុស្ស៉ី ដើម្បីបញ្ចប់សង្រ្គាម។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC ចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកបានដឹងយ៉ាងច្បាស់ថា ខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចចរចាជាមួយភេរវករ (រុស្ស៉ី) នោះទេ ពីព្រោះពាក្យសម្ដីរបស់ពួកគេមិនអាចជឿទុកចិត្តបាន»។ លោកបន្ថែមថា «ពួកគេ (កងទ័ពរុស្ស៉ី) ត្រូវតែដកចេញពីទឹកដីរបស់ពួកយើង ហើយមានតែធ្វើបែបនេះទេ ទើបពិភពលោកអាចនឹងងាកទៅរកការទូត»។
លោក ហ្សេលេនស្គី ក៏បានសារភាពដែរថា សង្រ្គាមជាមួយរុស្ស៉ីសព្វថ្ងៃកំពុងស្ថិតក្នុងស្ថានការណ៍មួយដ៏លំបាក និងបានបញ្ជាក់ជាថ្មីពីតម្រូវការចាំបាច់បន្ថែមសម្រាប់ប្រព័ន្ធការពារដែនអាកាស ដើម្បីបិទបញ្ចប់ការគ្រប់គ្រងរបស់រុស្ស៉ីនៅលើដែនអាកាស ខណៈដែលរដូវរងាជុំទី២ នៃសង្រ្គាមនៅ អ៊ុយក្រែន កាន់តែខិតជិតចូលមកដល់៕
ដោយ៖ ធីរីណា(រូបថត៖ TTXVN-VNA)