ព័ត៌មានទាន់ហេតុការណ៍៖

លោក សំ លាងទ្រី ៖ រួចរាល់ហើយបងប្អូន ! ករណីកៀរកំណាត់ផ្លូវជាតិលេខ៩៥ ដើម្បីតភ្ជាប់ចរាចរណ៍ឡើងវិញហើយរវាងស្រុកឆែប និងស្រុកជ័យសែន បន្ទាប់ពីកាត់ផ្តាច់ដោយទឹកភ្លៀង

ចែករំលែក៖

ខេត្តព្រះវិហារ៖ មន្ទីរសាធារណការខេត្តព្រះវិហារ បានកៀរសម្រួលកំណាត់ផ្លូវជាតិលេខ៩៥ ដើម្បីតភ្ជាប់ចរាចរណ៍ឡើងវិញហើយរវាងស្រុកឆែប និងស្រុកជ័យសែន បន្ទាប់ពីកាត់ផ្តាច់ដោយទឹកភ្លៀង។ នេះជាការបញ្ជាក់ពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានបញ្ជាក់ថា ៖ ក្រុមការងារថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានកៀរសម្រួលកំណាត់ផ្លូវជាតិលេខ៩៥ ដើម្បីតភ្ជាប់ចរាចរណ៍ឡើងវិញហើយ បន្ទាប់ពីត្រូវកាត់ផ្ដាច់ ដោយសារទឹកភ្លៀងនាពេលកន្លងមក។   សូមបញ្ជាក់ថា ៖ កំណាត់ផ្លូវជាតិលេខ ៩៥ ដែលត្រូវកៀរសម្រួលឡើងវិញនេះ មានប្រវែងជាង ១១គីឡូម៉ែត្រ ជាផ្លូវដីក្រហម ដែលតភ្ជាប់រវាងស្រុកឆែប ទៅកាន់ស្រុកជ័យសែន ខេត្តព្រះវិហារ។ បើតាមប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់ថា ការងារនេះ គឺក្រុមការងារ ត្រូវការពេលប្រហែល ៣ថ្ងៃ ដើម្បីអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងកសិផល បានស្រួលឡើងវិញ។   លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា ផ្លូវជាតិលេខ ៩៥ មានប្រវែងសរុប ៧៩,៥ គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៩ ទីរួមស្រុកឆែប ទៅកាន់ផ្លូវជាតិលេខ៦២ ភ្នំដែក ស្រុករវៀង។ ផ្លូវនេះ មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅស្រុកចំនួន ៣ គឺស្រុកឆែប ស្រុកជ័យសែន និងស្រុករវៀង ក្នុងការធ្វើដំណើរផង និងដឹកកសិផលក្នុងស្រុក ដូចជា ស្រូវ ពោត សណ្តែក និងដំឡូង ទៅកាន់ទីផ្សារផងដែរ។ ក្រៅពីនេះ ផ្លូវនេះ ជាផ្លូវតភ្ជាប់ពីខេត្តស្ទឹងត្រែង មកភ្នំដែក ស្រុករវៀង ដែលអ្នកធ្វើដំណើរ មិនចាំបាច់ឆ្លងកាត់ទីរួមខេត្តព្រះវិហារនោះទេ។   លោក សំ លាងទ្រី បានឱ្យដឹងបន្ថែមថា កំណាត់ផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង និងដែលបានកៀរសម្រួលឡើងវិញនេះ មានប្រវែងជាង ១១គីឡូម៉ែត្រ ជាផ្លូវដីក្រហម ខណៈផ្លូវកៅស៊ូ ចំនួន ៣គីឡូម៉ែត្រ ទៀត ក្រុមការងារ នឹងបញ្ចប់ការសាងសង់នៅមុខពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៤។ 

អង្គភាព មន្ទីរសាធារណការខេត្តព្រះវិហារ ជាសេនាធិការយ៉ាងសំខាន់ ឱ្យគណបញ្ជាការឯកភាពខេត្ត សម្រាប់វិស័យ គមនាគមន៍ ផ្លូវ ថ្នល់ ស្ពាន ប្រឡាយ ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូន របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍មូលដ្ឋាន ៕ 

ដោយ ៖ សហការី


ចែករំលែក៖