ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោក ឧត្តមសនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ បានបង្រ្កាបករណីចែកចាយផលិតផលគ្រឿងក្នុងជ្រូកដឹកតាមម៉ូតូរ៉ឺម៉កផ្ទុកជាង៧០០គីឡូក្រាមខូចគុណភាព គ្មានសុវត្ថិភាព បង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ការបង្រ្កាបនោះដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។
លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបញ្ជាក់ឱ្យដឹងថា៖បើយោងតាមចម្លើយសារភាពពីបុរសម្ចាស់ម៉ូតូរ៉ឺម៉ក គឺផលិតផលគ្រឿងក្នុងជ្រូកខាងលើរូបគាត់គ្រាន់តែស៊ីឈ្នួលដឹកឱ្យគេតែប៉ុណ្ណោះមិនមែនរបស់ខ្លួននោះឡើយ។ខណៈនោះសមត្ថកិច្ចក៏បានធ្វើការអប់រំនិងឱ្យធ្វើកិច្ចន្យាចំពោះម្ចាស់ម៉ូតូរ៉ឺម៉ក បញ្ឈប់ការដឹកជញ្ជូនផលិតផលគ្រឿងក្នុងជ្រូកដែលគ្មានប្រភពនិងឯកសារច្បាស់លាស់នៅពេលក្រោយទៀត ហើយបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
លោកនាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបញ្ជាក់ទៀតថា៖ផលិតផលទាំងនេះនាំចូលពីប្រទេសជិតខាងដែលកន្លងមកសមត្ថកិច្ចតែងតែបង្រ្កាបបានជាបន្តបន្ទាប់។ផលិតផលគ្រឿងក្នុងជ្រូកជាង៧០០គីឡូក្រាមនៅថ្ងៃដដែលសមត្ថកិច្ចក៏បាននាំយកទៅដុតបំផ្លាញចោលផងដែរ៕
ដោយ៖ តារា