ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់យកទូរសព្ទ័ដៃ យកមកសាកសួររហូតបញ្ចប់នីតិវិធី និងបង្ហាញមុខជាសាធារណៈមុននិងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងជំនាញ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ កាលពីរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ៤៧ កែងផ្លូវលេខ៨២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់យកទូរសព្ទ័ដៃ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៧៧សេ ផ្លូវព្រះស៊ីសុវត្ថិ ក្រុម២៧ ភូមិ៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ ណា អូនយូ ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលលេខ០៧១ ផ្លូវលេខ៥៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ និងទី២-ឈ្មោះ ចាន់ ហួរ ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលលេខ០៧១ ផ្លូវលេខ៥៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
ចំណែកវត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខកណ្តាល១AL-៦៥៣០។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សហការី