ភ្នំពេញ៖ បើតាមការបញ្ជាក់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា កាលពីខែតុលាថ្មីៗនេះ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា ត្រៀមចំណាយថវិកាប្រមាណជាង ៥,៥ លានដុល្លារ ទៅលើការរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
អ្នកនាំពាក្យក្រសួងអប់រំ បានគូសបញ្ជាក់ថា ថវិកាជាង ៥,៥ លានដុល្លារ នឹងត្រូវចំណាយលើការឧបត្ថម្ភគណៈកម្មការនានា ក្នុងកិច្ចដំណើរការប្រឡង ដែលមាន៤ដំណាក់កាល គឺការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ពិន្ទុដោយកុំព្យូទ័រ។
ការចំណាយទៅលើដំណើរការប្រឡងនៅឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុនដោយសារចំនួនបេក្ខជនចុះឈ្មោះចូលរួមប្រឡងកើនឡើងជាង៩ពាន់នាក់ ស្រី៧៣.២៧៨នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៤១.៣៧៩ នាក់ ស្រី ២៤.៧៨៩នាក់។ បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គម មានចំនួន ៩៦.០៣៣នាក់ ស្រី ៤៨.៤៨៩នាក់។ ចំណែកមណ្ឌលប្រឡងមានចំនួន២២៧ ស្មើនឹង ៥៥៤៣បន្ទប់ នៅទូទាំងប្រទេស។ ចំពោះលទ្ធផលនៃការប្រឡង គ្រោង នឹងប្រកាសនៅថ្ងៃទី២៨ ខែវិច្ឆិកា សម្រាប់ រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ចំណែកខេត្តផ្សេងៗ នឹងប្រកាសនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
គួរជម្រាបជូនថា ដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ដំណើរការបានដោយរលូន ក្រសួងអប់រំ បានអំពាវនាវឱ្យបេក្ខជនដែលមានឈ្មោះចូលរួមប្រឡង ត្រូវតាមដានផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ ក្នុងការផ្ដល់ព័ត៌មានផ្សេងៗជាបន្តបន្ទាប់។ ជាមួយគ្នានេះ ក្រសួងអប់រំ បានណែនាំឱ្យបេក្ខជនប្រឡងត្រូវថែរក្សាសុខភាព និងកុំភ្លេចពីលក្ខខណ្ឌប្រឡង ក៏ដូចជាសម្ភារៈដែលក្រសួងបានអនុញ្ញាត ឬសម្ភារៈដែលចាំបាច់សម្រាប់ការប្រឡង។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២២-២០២៣ ប្រព្រឹត្តទីនាថ្ងៃទី៦-៧ វិច្ឆិកា នេះ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១៣៧៤១២នាក់ ក្នុងនោះមានបេក្ខនារីចំនួន២៣២៧៨នាក់ និងបេក្ខជនមានពិការភាពចំនួន១៨នាក់។ នៅក្នុងឆ្នាំសិក្សា២០២២-២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបចំនួន ១៣៧៤១២នាក់ ដែលចំនួននេះកើនឡើង ៩២៧៧នាក់ ក្នុងនោះបេក្ខនារីមានចំនួន ២៣២៧៨នាក់។ ចំណែកបេក្ខជនមានពិការភាពចំនួន១៨នាក់ ក្នុងនោះបេក្ខជនពិការភ្នែកចំនួន ៦នាក់ និង បេក្ខជនគ ថ្លង់ចំនួន ១២នាក់។
ជាមួយគ្នានោះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្រមានចំនួន ៤១៣៧៩ និងបេក្ខជនថ្នាក់វិទ្យាសាស្ដ្រសង្គមមានចំនួន ៩៦០៣៣នាក់។ ចំណែក បេក្ខជនចំណេះទូទៅមានចំនួន ១១៩៩៣៧នាក់ និង បេក្ខជនស្វ័យរិនមានចំនួន ១៥៥០១នាក់។ បេក្ខជនបំពេញវិជ្ជាមានចំនួន ៣៣៤២នាក់ និងបេក្ខជនស្វ័យរិនបំពេញវិជ្ជាមានចំនួន ១៦៣២នាក់។ បន្ថែមពីនេះ បេក្ខជនដែលប្រឡងយកភាសាអង់គ្លេសជាភាសាបរទេសមានចំនួន ១៣៦៨១១នាក់ ក្នុងនោះមានបេក្ខនារីចំនួន ៧២៩២០នាក់ និង បេក្ខជនដែលប្រឡងយកភាសាបារាំងជាភាសាបរទេសមានចំនួន ៦០១នាក់ ហើយបេក្ខនារីចំនួន៣៦៥នាក់៕
ដោយ៖សហការី