ក្រុងប៉ោយប៉ែត ៖ ហេតុអ្វីក្លឹបកំសាន្ត ក្លឹបខារ៉ាអូខេ ក្លាយជាកន្លែងប្រើប្រាស់ ចែកចាយសារធាតុញៀន គ្រឿងញៀន ពេញបន្ទុកទៅវិញ បញ្ហានេះជាភាពធូរលុងរបស់ សមត្ថកិច្ច អាជ្ញាធរ មូលដ្ឋានជំនាញពាក់ព័ន្ធ ឬ ឈ្មួញលួចចរាចរណ៍បង្កប់តាមទីតាំងបែបនេះ ហើយ សមត្ថកិច្ច អាជ្ញាធរ មន្ត្រីជំនាញមិនដឹង ? ។
ជាក់ស្តែងបង្ក្រាបទីតាំងខារ៉ាអូខេ «SKY KTV» នៅក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន, មនុស្សប្រុសស្រី១០៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែង ។
សូមបញ្ជាក់ថា ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «SKY KTV» ក្រោយសង្ស័យពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ហើយឈានដល់ការឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១០៧នាក់ ក្នុងនោះជនបរទេស៤២នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ៖ ប្រតិបត្តិការនេះបានធ្វើឡើង តាំងពីនៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ដោយឡែកទើបនឹងដឹងនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងដឹកនាំប្រតិបត្តិការដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន១០៧នាក់ ស្រី៤០នាក់ ក្នុងនោះជនបរទេសចំនួន៤២នាក់ ស្រី៧នាក់ រួមមាន៖ ឥណ្ឌូនេស៉ី ចំនួន២១នាក់, វៀតណាម ចំនួន១៥នាក់, ចិន ចំនួន៣នាក់, ថៃ ចំនួន៣នាក់។ ក្រៅពីនេះ ដកហូតបានម្ស៉ៅក្រាមពណ៌សថ្លា ចំនួន៦កូនថង់ និង១កូនថង់តូច, ថ្នាំកញ្ចប់ពណ៌ក្រហម (រូបសេះ) ១កញ្ចប់, ពណ៌ក្រហម (រូបទំពាំងបាយជូរ) ១កញ្ចប់, ពណ៌លឿង ១០កញ្ចប់, ពណ៌ទឹកក្រូច ១កញ្ចប់ និងកញ្ចប់ថ្នាំពណ៌ក្រហមអក្សរ (LV) ១កញ្ចប់។
ទីតាំងខារ៉ាអូខេ «SKY KTV» ត្រូវបានបិទបណ្តោះអាសន្ន រីឯជនសង្ស័យប្រុស ស្រីទាំងនេះ ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ និងធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមជម្រាបជូនថា៖ សមត្ថកិច្ចកិច្ច អាជ្ញាធរ មន្ត្រីជំនាញ បន្តពង្រឹងទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន ការប្រើប្រាស់ ចែកចាយ សារធាតុញៀននេះ អោយបានដិតដល់ ដូចអ្វីដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានរម្លឹកកាលពីម្សិលមុិញ ខណៈសម្តេចអញ្ជើញ ជាអធិបតី ខ្ពង់ខ្ពស់ សម្ពោធអគារ ទីស្តីការ ក្រសួងមហាផ្ទៃថ្មី ដែលមានទឹកប្រាក់ជិត ៦០លានដុល្លារនោះ ៕
ដោយ ៖ សហការី