ភ្នំពេញ៖ បើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មានយានយន្តសរុបចំនួន ៤ ៦៧៩ ២២២ គ្រឿង បានធ្វើដំណើរនៅលើផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ក្នុងរយៈពេល ១ ឆ្នាំនេះ!
ក្រសួងសាធារណការ បានគូសបញ្ជាក់ថា ផ្លូវល្បឿនលឿនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកបទពិសោធន៍នៃការធ្វើដំណើរថ្មី ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរជូន ដល់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេសផ្លូវមួយខ្សែនេះបានចូលរួមសម្រួលដល់ការដឹកជញ្ជូនទំនិញរវាង ប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលជំរុញឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន។
សូមជម្រាបថា នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នឹងមានការរៀបចំពិធីអបអរសាទរខួប ១ឆ្នាំ នៃការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ នៅទីតាំងស្ថានីយបង់ប្រាក់ទី ១ “ភ្នំពេញ” ក្រោមវត្តមានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ បានបើកឱ្យដំណើរការនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ នៅឯវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន អមដោយវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តេីមគិតកម្រៃ សេវា ដោយបញ្ចុះតម្លៃសេវាចំនួន ២០% រយៈពេល ១ឆ្នាំពេញ គិតចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ហើយការបង់ប្រាក់នឹងត្រូវធ្វេីឡេីង តាមចម្ងាយជាក់ស្តែង និងទៅតាមប្រភេទយានយន្ត៕
ដោយ៖សហការី