ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចុះជួបកម្មក-កម្មារិនី គឺដើម្បីបន្តស្វែងរកដំណោះស្រាយជូនបងប្អូន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ប្រាប់ដល់បងប្អូនកម្មករ កម្មការិនីនៅខេត្តសីហនុថា ការចុះជួបសំណេះសំណាលជាមួយបងប្អូនទាំងអស់គ្នានាពេលនេះ មិនមែនជាជំនួបចុងក្រោយទេ គឺនឹងមានបន្តបន្ទាប់ទៀត ដើម្បីបន្តស្វែងរកដំណោះស្រាយជូនដល់បងប្អូន។ 

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ១៥,១៩៤នាក់ នៅខេត្តព្រះសីហនុ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា ការចុះជួបបងប្អូនកម្មករ-កម្មការិនី ជាបន្តបន្ទាប់កន្លងមក គឺជាកិច្ចការសំខាន់របស់រាជរដ្ឋាភិបាលដើម្បីផ្សារភ្ជាប់ជាមួយនឹងប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកម្មករ-កម្មារិនីទាំងអស់ ដែលមានវត្តមាននៅពេលនេះ។ សម្តេចថា ជានិច្ចកាលសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស កម្មករ-កម្មារិនី សម្តេចតេជោតែងបានយកចិត្តទុកដាក់។ 

សម្ដេចធិបតីនាយករដ្ឋមន្ត្រីថ្លែងថា ៖  រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តផ្សេងៗ ក្រៅពីការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើនការបណ្ដាក់ទុននៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា៖  រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ ចំគោលដៅ និងសក្ដានុពលនៅតាមតំបន់នីមួយៗ ដើម្បីធ្វើឱ្យគ្រប់វិស័យដំណើរការ និងមានការរីកចម្រើនគ្រប់ ផ្នែក។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានរម្លឹកថា ៖ សមត្ថកិច្ច និងអាជ្ញាធរគ្រប់ផ្នែក ត្រូវពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់នៅ ខេត្តព្រះសីហនុឱ្យបានកាន់តែល្អ ដើម្បីទាក់ទាញវិនិយោគ និងទេសចរទៅកម្សាន្ត ៕ 

ដោយ ៖ សហការី


ចែករំលែក៖