ខេត្តព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ បង្កើតរោងចក្រឱ្យកាន់តែច្រើន ដើម្បីបង្កើតឱកាសការងារដល់បងប្អូននៅទីនេះ និងគ្រួសារបងប្អូនមិត្តភក្តិដែលគ្រប់អាយុ អាចត្រូវការធ្វើការងារបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាកម្មករ-កម្មការិនី និងនិយោជិត តាមបណ្តារោងចក្រសហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា រោងចក្រឧស្សាហកម្ម ត្រូវដាក់ទិសដៅការងារឱ្យចំៗ មិនមែនតែសំដៅលើឧស្សាហកម្មវាយនភណ្ឌកាត់ដេរតែមួយទេ ត្រូវដាក់ទិសដៅការងារដល់ឧស្សាហកម្មយានយន្ត និងអេឡិចត្រូនិច ជាឧស្សាហកម្មដែលមានកម្រិតខ្ពស់ តម្លៃខ្ពស់ នេះជាហេតុផលមួយ ដែលទាមទារឱ្យមានរោងចក្រឧស្សាហកម្មឱ្យកាន់តែច្រើន ត្រូវមកធ្វើនៅក្នុងខេត្តព្រះសីហនុ ដើម្បីធ្វើយ៉ាងណាបង្កើតការងារ ឱ្យមានជំនាញទៅតាមវិស័យផ្សេងៗដូចជា វិស័យកាត់ដេរ អគ្គិសនី និងវិស័យជាច្រើនទៀត។
នាយករដ្ឋមន្ត្រី សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាខេត្តព្រះសីហនុគឺជាពេជ្រដែលមិនទាន់ច្នៃ ដោយថារាជរដ្ឋាភិបាលនិងកែច្នៃពេជ្រនេះឲ្យទៅជាពេជ្រដែលមានតម្លៃ។ ហើយនៅថ្ងៃអនាគតស្របពេលដែលប្រទេសកម្ពុជាក្លាយទៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ប្រជាជននៅខេត្តព្រះសីហនុគឺជាប្រជាជនដែលមានជាងគេនៅក្នុងប្រទេសផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ខេត្តព្រះសីហនុគឺជាខេត្តដែលមានសក្ដានុពលមួយ ដែលមានលក្ខណៈសមប្រកបទាំងអស់ ទាំងកំពង់ផែ ទាំងតំបន់សេដ្ឋកិច្ចពិសេស ទាំងទេសចរណ៍ ដែលសម្ដេចមើលឃើញថា គឺជាសក្ដានុពលដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជាដែលនឹងអាចក្លាយទៅជាថាមពលទ្រទ្រង់សេដ្ឋកិច្ចប្រទេសទាំងមូលផងដែរ។
សម្ដេចថា៖ «សង្ឃឹមថានៅ ប្រាំឆ្នាំ ១០ឆ្នាំ ១៥ឆ្នាំ គោលការណ៍២០៥០ ដែលប្រទេសយើងក្លាយទៅជាប្រទេសមានចំណូលខ្ពស់ខេត្តព្រះសីហនុគឺជាខេត្តនាំមុខគេមួយនៃចំណូលសេដ្ឋកិច្ច»។
សម្ដេចមានជំនឿថា នៅឆ្នាំ២០៥០ ប្រជាជននៅខេត្តព្រះសីហនុនឹងក្លាយជាប្រជាជនដែលមានចំណូលខ្ពស់ជាងគេនៅក្នុងប្រទេស៕
ដោយ ៖ សហការី