ខេត្តកំពត ៖ លោកស្នងការខេត្តកំពត ម៉ៅ ច័ន្ទមធុរិទ្ធ ត្រៀមប្តឹងម្ចាស់ Facebook ឈ្មោះ «Phon Sareth » ករណីបង្ហោះប៉ះពាល់កិត្តិយសលោកធ្ងន់ធ្ងរ ទោះជាម្ចាស់គណនីលុបការបង្ហោះ និងបកស្រាយថា គេ Hack Facebook របស់គាត់ក៏ដោយ ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នគរបាល ខេត្តកំពត បានបង្ហោះថា ៖ លោក Phon Sareth បានបង្ហោះជាងពីរម៉ោងទៅហើយម៉េចក៏មិនដឹងថាគេ Hack Facebook របស់លោក ដល់តែខ្ញុំត្រៀមដាក់ប្តឹងលោកនៅថ្ងៃស្អែកទើបលោកចេញមកសរសេរថាគេ Hack Facebook របស់លោកទៅវិញ ! កិត្តិយសរបស់ខ្ញុំមិនមែនសំរាប់លោកយកលេងសើចបែបនេះនោះទេ ។
លោកស្នងការត្រៀមប្តឹងបន្ទាប់ពី Facebook ឈ្មោះ Phon Sareth បានបង្ហោះថា៖ «ល្បីថាលោកស្នងការខេត្ត កំពត ផឹកស្រាស្រវឹងរកបាញ់លោកសង្ឃ នៅវត្តភ្នំរាប តើជារឿងពិតទេ?» ។ ហើយបាន Tage ទៅមនុស្សជាច្រើនក្នុងនោះមានថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មាន ។
លោកស្នងការបន្តថា៖ ប្រសិន Facebook របស់លោក Phon Sareth ត្រូវបានគេ Hack ពិតមែន! ហើយលោកជាមនុស្សប្រកបទៅដោយសុច្ចរិតភាពនិងមានទំនួលខុសត្រូវពិតប្រាកដមែន សូមលោកមកជួបខ្ញុំនៅខេត្តកំពតនៅថ្ងៃស្អែក ។ ក៏ប៉ុន្តែខ្ញុំសូមប្រាប់ទៅលោកថា Facebook របស់លោកត្រូវបានគេ Hack តែ tag ទៅមនុស្សសុទ្ធតែជាអ្នកធ្វើការនៅស្ថាប័ន្តព័ត៌មានល្បីៗនៅកម្ពុជា លោកគិតថាខ្ញុំជាក្មេងបៀមដៃមែនទេ ។
ម្ចាស់គណនីដដែលបានសរសេរទៀតថា៖ ហ្វេសប៊ុកខ្ញុំបាទត្រូវបានជនអនាមិកហែកយកទៅកាន់កាប់ ទើបតែដណ្ដើមយកមកវិញបាន ។
ហ្វេសប៊ុករបស់ខ្ញុំបាទត្រូវបានគេHake យកទៅបង្ហោះក្នុងចេតនា អាក្រក់ហេតុដូចបានបង្ហោះដែលធ្វើអោយ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ លោកស្នងការខេត្តកំពត ខ្ញុំបាទមិនទទួលខុសត្រូវទេ។
ទោះជាលើកហេតុផលយ៉ាងណា គេពុំទាន់ឃើញ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នគរបាល ខេត្តកំពត បង្ហាញពីការទទួលយកនូវកំហុសទាំងនេះនៅឡើយ បន្ទាប់ពីការបង្ហោះប្រើពាក្យធ្ងន់ប៉ះពាល់កិត្តិយសរបស់លោក ៕
ដោយ ៖ សហការី