ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យគណៈប្រតិភូកងទ័ពជើងគោកកូរ៉េជួបសម្ដែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ ឧត្តមសេនីយ៍ឯក KOH HYUN-SEOK នាយសេនាធិការរងកងទ័ពជើងគោកកូរ៉េ ជួបសម្ដែងការគួរសម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងការស្វាគមន៍ និងបានជម្រាបពីសភាពការណ៍មួយចំនួននៅកម្ពុជា ដែលបច្ចុប្បន្នមានសន្តិភាពពេញលេញ មានស្ថិរភាពល្អ ក្នុងនោះ រាជរដ្ឋាភិបាលបានសម្រេចស្នាដៃធំៗគួរឲ្យកត់សម្គាល់ដូចជា ការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម ការរៀបចំបោះឆ្នោត និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មីជាដើម។

ពាក់ព័ន្ធនឹងទំនាក់ទំនងប្រទេសទាំងពីរ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការបានបញ្ជាក់ថា កម្ពុជានិងសាធារណរដ្ឋកូរ៉េ បានភ្ជាប់ចំណងការទូតផ្លូវការឡើងវិញនៅឆ្នាំ១៩៩៧ ហើយក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការបានបន្តរីកចម្រើននិងករឹងមាំលើវិស័យ ដូចជា នយោបាយ ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល វប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ។ល។

ដោយឡែកលើវិស័យយោធា ប្រទេសទាំងពីរបានខិតខំពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយអនុលោមតាមអនុស្សរណៈយោគយល់រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៨ និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់កាលពីឆ្នាំ២០២២កន្លងទៅ។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់កងទ័ពកូរ៉េ ដែលកន្លងមកតែងបានយកចិត្តទុកដាក់ជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ លើផ្នែកសន្តិសុខ បញ្ជាការសេនាធិការ ការថែរក្សាសន្តិភាព ការប្រឆាំងភាវកម្ម និងភាសា រួមទាំងការជួយដោះស្រាយមធ្យោបាយដូចជា រថយន្តសង្គ្រោះ គ្រឿងចក្រជាដើម។ ក្រៅពីនោះ ក៏មានការផ្លាស់ប្ដូរទស្សនកិច្ចនៅគ្រប់កម្រិតផងដែរ។

ជាកិច្ចឆ្លើយតប ឧត្តមសេនីយ៍ឯក KOH HYUN-SEOK តាងនាមកងទ័ពជើងគោកកូរ៉េ បានសម្តែងការអរគុណឯកឧត្តមអគ្គមេបញ្ជាការ ដែលបានទទួលស្វាគមន៍ដ៏កក់ក្តៅដល់គណៈប្រតិភូ ដោយលោកឧត្តមសេនីយ៍ឯកបញ្ជាក់ថា នេះជាលើកទីមួយរបស់លោក បានមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដែលកន្លងមកលោក តែងមានការចាប់អារម្មណ៍ ចំពោះវប្បធម៌ដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ឯក KOH HYUN-SEOK បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពកម្ពុជា ដែលបានផ្ដល់ព័ត៌មានយ៉ាងល្អដល់គណៈប្រតិភូកងទ័ពកូរ៉េ ហើយតាមរយៈព័ត៌មាននេះ ធ្វើឲ្យលោក និងប្រតិភូបានយល់អំពីសភាពការណ៍ពិតនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកឧត្តមសេនីយ៍ក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានគាំទ្រនៅក្នុងដំណាក់កាលនៃសង្គ្រាមនៅកូរ៉េ ហើយថាប្រទេសទាំងពីរធ្លាប់មានប្រវត្តិស្រដៀងគ្នា ឆ្លងកាត់សង្គ្រាមដូចគ្នា និងឥឡូវកំពុងមានការអភិវឌ្ឍដូចគ្នា ដោយឯកឧត្តមជឿជាក់ថា ទៅថ្ងៃអនាគតប្រទេសទាំងពីរប្រាកដជាយកឈ្នះនូវឧបសគ្គនៅចំពោះមុខ និងមានការអភិវឌ្ឍប្រកបដោយភាពសុខដុមរមនាដូចគ្នា៕

ដោយ៖ ស សម


ចែករំលែក៖