ខេត្តព្រះសីហនុ៖ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ១៥,១៩៤នាក់ នៅខេត្តព្រះសីហនុ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍បន្តថា ឥឡូវយើងកុំទាន់និយាយរឿងរថភ្លើងល្បឿនលឿន យើងនិយាយត្រឹមផ្លូវដែកដឹកទំនិញ ដែលបច្ចុប្បន្ននេះអាចដឹកបានតែក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ ដំណាក់កាលនេះ យើងត្រូវធ្វើយ៉ាងណា ពង្រីកលទ្ធភាពក្នុងដំណាក់កាលដំបូងឱ្យអាចដឹកបានដល់ ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ៖ សម្ដេចនឹងប្រាប់ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យរួមគ្នាសិក្សាពីលទ្ធភាពក្នុងការទម្លាក់ថ្លៃដឹកជញ្ជូនបន្ថែមទៀត ដើម្បីបង្កលទ្ធភាពឱ្យមានការដឹកជញ្ជូនតាមផ្លូវដែកឱ្យកាន់តែច្រើន។
សម្ដេចធិបតីបានគូសបញ្ជាក់ថា រដ្ឋាភិបាលបាននិងកំពុងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពីកើតមកលិច និងពីជើងមកលិច ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងដែលរួមមានទាំងផ្លូវដែក ផ្លូវហាយវេ និងព្រែកជីកតេជោ-ហ៊្វូណន ពោលគឺនឹងភ្ជាប់មកខេត្តព្រះសីហនុទាំងអស់។ ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ពន័្ធនេះ នឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន និងជួយឱ្យជីវភាពប្រជាពលរដ្ឋនៅតាមដងផ្លូវ មានការរីកចម្រើន។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមាន តម្រូវការកាន់តែច្រើនលើការដឹកជញ្ជូនទំនិញ កត្តានេះក៏បានធ្វើឱ្យមានការកកស្ទះផងដែរ។
ក្រៅពីការជំរុញឱ្យសិក្សាអភិវឌ្ឍន៍ផ្លូវដែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បាន បង្ហាញពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធផ្លូវស្ពាននានា ទៅកាន់តំបន់ផ្សេងៗ ឱ្យបានខ្វែងខ្វាត់ នៅទូទាំងប្រទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពពលរដ្ឋកាន់តែប្រសើរផងដែរ៕
ដោយ ៖ សហការី