ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាសន្យាជួយលើកកម្ពស់សមត្ថភាព ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងជំរុញអ្នកទេសចរ អ្នកវិនិយោគមកកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade)  ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រីបណ្ឌិត ដែលបានរួមវិភាគទានដ៏មានតម្លៃ ដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា។ 

សម្តេចរដ្ឋសភាធិបតី បានរំលឹកពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងជាពិសេសរវាងព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” និងឯកឧត្តម ចាវ៉ាហាឡាល នេហ៍រុ នាយករដ្ឋមន្រ្តីទីមួយនៃសាធារណរដ្ឋឥណ្ឌា និងជានាយករដ្ឋមន្រ្តីឥណ្ឌាដំបូងគេដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ១៩៥៤ ក្រោយកម្ពុជាទទួលបានឯករាជ្យភាព ដែលបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលកំពុងរីកចម្រើន និងត្រូវបានចាក់ឬសយ៉ាងជ្រៅនៅក្នុងកេរដំណែលរួមនៃប្រវត្តិសាស្ត្រសាសនា វប្បធម៌ និងអរិយធម៌រវាងប្រទេសទាំងពីរ។ គួររំលឹកថា ក្រោយរបបប៉ុលពត ឥណ្ឌាបានជួយគាំទ្រនិងជួយស្តារកម្ពុជាក្នុងគ្រាដ៏លំបាកនោះជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន រួមមានជំនួយជាថ្នាំសង្កូវ គ្រូពេទ្យ និងការបោសសម្អាតមីនជាដើម។ សម្តេចរដ្ឋសភាធិបតី បានរំលឹកបន្ថែមថានៅក្នុងឆ្នាំ១៩៨១ សម្តេចផ្ទាល់ បានបំពេញទស្សនកិច្ចនៅឥណ្ឌា និងបានរៀបរាប់ពីវិនាសកម្មក្នុងរបបប៉ុលពតដល់ពិភពលោកបានដឹង។

សម្តេចរដ្ឋសភាធិបតី បានធ្វើការវាយតម្លៃថា បេសកកម្មការទូតរបស់លោកជំទាវនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំង ស្របពេលដែលពិភពលោកមានភាពមិនប្រាកដប្រជា ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងប្រឈមមុខនឹងបញ្ហាជាច្រើនមានជាអាទិ៍ ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាច យ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងការទូតកម្ពុជានិងឥណ្ឌា នៅតែឈររឹងមាំជាមួយគ្នាគ្រប់កាលៈទេសៈ និងបាននាំមកនូវការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ដែលជាផលប្រយោជន៍យ៉ាងច្រើនជូនប្រទេសនិងប្រជាជនទាំងសងខាង។ សមិទ្ធផលជាច្រើនបានកើតចេញពីទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទំាងពីរ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អរិយធម៌ សាសនា ការអប់រំ ការពារជាតិ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ 

សម្តេចរដ្ឋសភាធិបតី បានបង្ហាញក្តីរំភើបរីករាយជាខ្លំាង នូវលទ្ធផលនៃជំនួបរវាងលោកស្រីឯកអគ្គរដ្ឋទូត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីដើមខែតុលា កន្លងទៅថ្មីៗនេះ ជាពិសេសលើការឯកភាពគ្រោងឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាក្នុងពេលឆាប់ៗនេះ។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានស្នើ លោកជំទាវឯកអគ្គរដ្ឋទូត ជួយជំរុញនិងកៀរគរអ្នកទេសចរ អ្នកវិនិយោគឥណ្ឌា មកទស្សនានិងបណ្តាក់ទុននៅកម្ពុជាឱ្យបានច្រើនឡើង។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ប្រទេសឥណ្ឌាជួយបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យាដល់សិស្សនិស្សិតកម្ពុជា ក៏ដូចជាមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាផងដែរ។

លោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត  បានថ្លែងអំណរគុណចំពោះសម្តេចរដ្ឋសភាធិបតី ដែលបានចងចំានិងបានរំលឹករឿងរាវអតីតកាល។ ជាមួយគ្នានេះ លោកជំទាវ បានគូសបញ្ជាក់ថា មិនខុសពីអតីតកាលនោះទេ ទៅថ្ងៃអនាគតនិងពេលបច្ចុប្បន្ននេះ ឥណ្ឌានៅតែបន្តជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ លោកជំទាវឯកអគ្គរដ្ឋទូត បានសន្យាថា នឹងខិតខំជំរុញ ព្រមទាំងកៀរគរអ្នកទេសចរ អ្នកវិនិយោគឥណ្ឌាមកកម្ពុជាឱ្យបានកាន់តែច្រើនត្បិតអីពលរដ្ឋឥណ្ឌាជាច្រើនចាប់អារម្មណ៍ជាខ្លំាងក្នុងការធ្វើដំណើរមកទស្សនាកម្ពុជា ជាពិសេសសំណង់ប្រាសាទបុរាណនៅកម្ពុជា ដែលជាស្ថាបត្យកម្មបុរាណដ៏ល្អឯក។ 

សម្តេចរដ្ឋសភាធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនងនៃរដ្ឋសភាទាំងពីរ ហើយគូសបញ្ជាក់ផងដែរថា រដ្ឋសភាកម្ពុជា-ឥណ្ឌាក្នុងក្របខ័ណ្ឌពហុភាគីនានា បានគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភាជាច្រើន មានដូចជា APPF, APF, IPU និង AIPA ជាដើម។ កាលពីឆ្នាំ២០២២កន្លងទៅ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក។ លោក អំ បឺរឡា (OM BIRLA) ប្រធានរដ្ឋសភាឥណ្ឌាបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ហើយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានបំពេញទស្សនកិច្ចនៅឥណ្ឌា ក្នុងក្របខ័ណ្ឌសភាអាយប៉ា។ រដ្ឋសភាកម្ពុជាបានបង្កើតក្រុមមិត្តភាពសភាកម្ពុជា-ឥណ្ឌា ដែលក្រុមមិត្តភាពសភានេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យការទូតសភា ការចែករំលែកបទពិសោធន៍គ្នាលើការងារនីតិកម្ម និងការគាំទ្រគ្នាទៅវិញទៅមក នៅគ្រប់វេទិកាអន្តរសភាទំាងក្នុងតំបន់ និងសកលលោក។

លោកស្រីបណ្ឌិត ឯកអគ្គរដ្ឋទូតឥណ្ឌា បានសន្យាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា ជាពិសេសក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី លើការលើកកម្ពស់សមត្ថភាព និងផ្តល់ភាពអង់អាចដល់កុមារី យុវតី ស្រ្តី។ ជាមួយគ្នានេះ ឥណ្ឌាក៏នឹងបន្តសហការជាមួយកម្ពុជាលើការបណ្តុះបណ្តាល និងផ្លាស់ប្តូរលើវិស័យរួមមាន បច្ចេកវិទ្យា កសិកម្ម អប់រំ វប្បធម៌ ថាមពល ការជួយអភិរក្សប្រាសាទបុរាណ ជាដើម។ 

លោកស្រីឯកអគ្គរដ្ឋទូតក៏បានគោរពអញ្ជើញ សម្តេចរដ្ឋសភាធិបតី ទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា នៅពេលសមស្របណាមួយ ដែលការអញ្ជើញនេះ សម្តេចរដ្ឋសភាធិបតី បានទទួលយក៕

ដោយ ៖ សហការី


ចែករំលែក៖