ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញនាំយកពូជស្រូវ ៦.៦៥០គីឡូក្រាមជាអំណោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ចែកជូនកសិកររងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត១០៨គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ លោក កើត ឆែ អភិបាលស្តីទី រាជធានីភ្នំពេញ បានជំរុញឱ្យមន្ទីរកសិកម្ម មន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌកំបូលត្រូវបង្កើនការយកចិត្តទុកដាក់ថែទាំបណ្ដុះបណ្ដាលបច្ចេកទេស ទាំងការផ្ដល់ទឹកជូនប្រជាពលរដ្ឋនៅពេលរាជរដ្ឋាភិបាលបានផ្ដល់គ្រាប់ពូជជូនពួកគាត់ សំដៅធ្វើយ៉ាងណាឱ្យពួកគាត់អាចបង្កបង្កើនផល ទទួលបានទិន្នផលខ្ពស់។

លោក កើត ឆែ បានជំរុញបែបនេះក្នុងពិធីចែកស្រូវពូជរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត ចំនួន១០៨គ្រួសារនៅវត្តទ្រនំជ្រឹង ក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល  កាលពីថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ 

លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា សម្រាប់មន្ទីរកសិកម្មរាជធានីភ្នំពេញ ត្រូវបញ្ជូនមន្ត្រីរបស់ខ្លួន ផ្ដល់បច្ចេកទេសឱ្យបងប្អូនប្រជាពលរដ្ឋ  រីឯមន្ទីរធនធានទឹកក៏ត្រូវនៅកៀកនឹង ប្រជាពលរដ្ឋដែរ គឺនៅពេលប្រជាពលរដ្ឋមិនមានទឹកដើម្បីបង្កបង្កើតផល មន្ទីរធនធានទឹកត្រូវតែផ្ដល់ទឹកជូន ។

ដោយឡែក សម្រាប់អាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរខណ្ឌកំបូលវិញ ក៏ត្រូវតែ នៅផ្ទាល់ជាមួយប្រជាពលរដ្ឋផងដែរ ខណៈដែលបងប្អូនប្រជាពលរដ្ឋមានការខ្វះខាតអ្វីមួយអាជ្ញាធរត្រូវជួយពួកគាត់ភ្លាមៗ សំដៅធ្វើយ៉ាងណា ក្រោយពីទទួលបានគ្រាប់ពូជរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នេះហើយ ពួកគាត់អាចយកទៅបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់។

លោក កើត ឆែ ក៏បានមានប្រសាសន៍បន្ថែមទៀតថា ព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពពេញលេញ ហើយក្រោមម្លប់សន្តិភាពនេះយើងអាចធ្វើអ្វីបានគ្រប់យ៉ាង ទាំងការរកស៊ី ជួញដូរ និងការបង្កបង្កើតផលជាដើម។  ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស ។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានមានប្រសាសន៍ឱ្យដឹងផងដែរថា៖ គ្រាប់ពូជស្រូវដែលបានផ្តល់ជូនបងប្អូនប្រជាកសិករដែលទទួលរង​​ការ​ខូចខា​ត​​ដំណាំស្រូវវស្សាដោយគ្រោះទឹកជំនន់ស្ទឹងព្រែកត្នោតទាំង១០៨គ្រួសារ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូលនេះ មានចំនួន៦.៦៥០គីឡូក្រាម ជា​អំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្រ្តី​។

លោកបន្តថា ខណ្ឌកំបូលមានផ្ទៃដីបង្ក បង្កើនផលស្រូវវស្សាសរុប១.៧២៤ហិកតា។ ដោយឡែក សង្កាត់បឹងធំមានផ្ទៃដី បង្កបង្កើនផលស្រូវ​វស្សាចំនួន៤៧៨ហិកតា នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២​៣ថ្មីៗនេះ​ ទឹកស្ទឹង​ព្រែកត្នោតបានហក់ឡើងដល់កម្ពស់ខ្ពស់បំផុត ដែលបានបណ្តាលឱ្យប្រជាពលរដ្ឋទទួលរងផលប៉ះពាល់លិចលំនៅឋានក្នុងសង្កាត់​២ គឺបឹងធំ និងប្រទះឡាង ចំនួន៥ភូមិ សរុបពលរដ្ឋរងគ្រោះ១០៨គ្រួសារ ព្រមទាំងផ្ទៃដីខូចខាតដំណាំស្រូវវស្សាចំនួន ៥១,៦៨ហិកតា ស្មើនឹង១០៨គ្រួសារ  សង្កាត់បឹងធំ រួមមាន ភូមិដូនកុក ភូមិខ្ចៅ​ ភូមិអន្លុងស្វាយ ភូមិត្រពាំងក្រសាំង និងភូមិព្រៃតាកែ ហើយប្រជាពលរដ្ឋរងគ្រោះទាំង១០៨ គ្រួសារ ក៏ទទួលបានគ្រាប់ពូជរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌកំបូល នាពេលនេះដែរ ៕

ដោយ ៖ សំរិត


ចែករំលែក៖