ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលស្វាគមន៍ លោក ចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរដ្ឋទូតវិសាមញ្ញាម និងពេញសមត្ថភាពអូស្រ្តាលី ប្រចាំកម្ពុជា ព្រមទាំងគណ:ប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងជំនួបនោះដែល ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ទៅលេីការកំណែទម្រង់របៀបរបបការងារ ជាពិសេស ការកំណត់នូវទិសដៅធនធានមនុស្ស និងផ្នែកបច្ចេកវិទ្យាដេីម្បីឱ្យសមស្របទៅនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជានៅនីតិកាលទី៧ នាពេលបច្ចុប្បន្ននេះ ។
កិច្ចពិភាក្សាផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ តាមរយ:ការផ្លាស់ប្តូព៍ត៌មាន និងបទពិសោធន៍គ្នាទៅវិញទៅមក ពិសេសគឺការផ្តល់នូវវគ្គបណ្តុះបណ្តាលជំនាញពិសេសៗជាច្រើនវគ្គពីសំណាក់ភាគីអូស្ត្រាលីដល់មន្ត្រីអន្តោប្រវេសន៍កម្ពុជា។
ឧត្តមសេនីយ៍ឯក អគ្គនាយក បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាពលរដ្ឋអូស្ត្រាលី នាពេលកន្លងមក ដែលតែងតែឧបត្ថម្ភសម្ភារ ព្រមទាំងបានផ្តល់នូវវគ្គបណ្តុះបណ្តាលជំនាញអន្តោប្រវេសន៍សំខាន់ៗដល់មន្ត្រីអន្តោប្រវេសន៍កម្ពុជានាពេលកន្លងមក នាំឱ្យពួកគេមានសមត្ថភាពកាន់តែប្រសើឡើងក្នុងការបំពេញការងាររបស់ខ្លួន ដែលជាកត្តាដ៏ប្រសើឈានទៅសម្រេចបាននូវការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។
លោក ចាស្ទីន វ៉ាយអេត (Justin Whyatt) ក៏បានថ្លែងអំណរគុណ និងធ្វើការកោតសរសើចំពោះកិច្ចសហការប្រកបដោយផ្លែផ្កាដែលអគ្គនាយកដ្ឋានអន្តោប្រវសន៍បានចូលរួមចំណែកកន្លងមក។
ជាចុងបញ្ចប់ ឧត្តមសេនីយ៍ឯក អគ្គនាយក បានធ្វើការថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងសង្ឃឹមថាអង្គភាពទាំងពីរបន្តកិច្ចសហប្រតិបត្តិការព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតអូស្រ្តាលីឱ្យកាន់តែប្រសើរឡើង៕
ដោយ ៖ សហការី