ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា សក្តានុពលខេត្តព្រះសីហនុគឺស្ថិតនៅក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅ ជាផែដែលសំខាន់ជាងគេដែលនាំមកនូវសក្តានុពលដល់យើង ហើយយើងត្រូវបន្តបន្ថែមទៀត ព្រោះកំពង់ផែមិនអាស្រ័យលើតូច ឬធំទេ វាអាស្រ័យលើរវល់ ឬមិនរវល់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងបន្តថា រដ្ឋាភិបាលបានធ្វើការជាមួយជប៉ុន និងបានឯកភាពជាមួយជប៉ុន ហើយយើងបានខ្ចីជាកម្ចីបូកជាមួយបច្ចេកទេសជប៉ុន ដើម្បីយកមកវិនិយោគពង្រីកផែទឹកជ្រៅរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅពេលអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥១៩៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។
បន្ថែមពីលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថា ត្រូវរៀបចំគិតគូរ ហើយត្រូវធ្វើយ៉ាងណាកុំអោយផែចំនួនបួនគឺខេត្តកំពត ខេត្តកោះកុង ខេត្តកែប ខេត្តព្រះសីហនុ ជាផែដែលប្រកួតប្រជែងគ្នា ប៉ុន្តែជាផែដែលរួមកម្លាំងគ្នាដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីការបញ្ជាក់របស់ក្រុមវិនិយោគិនចិន ដែលមកបណ្ដាក់ទុននៅខេត្តព្រះសីហនុ ហើយ បានឡើងថ្លែងបញ្ជាក់នៅចំពោះមុខ អ្នកជំនួញធំៗរបស់ចិន និងមន្ត្រីចិននានា ក្នុងអំឡុងពេលដែល សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន កាលពីពេល ថ្មីៗកន្លងមកនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ក្រុមអ្នកជំនួញចិន ដែលបានមកបណ្ដាក់ទុននៅកម្ពុជា បានបញ្ជាក់នៅចំពោះមុខវិនិយោគិនចិន និងមន្ត្រីចិនជាច្រើនច្បាស់ៗថា ខេត្តព្រះសីហនុរបស់កម្ពុជា មានសុខសុវត្ថិភាពល្អ មិនដូចភាពយន្តដែលគេបាននិពន្ធ ដើម្បីឱ្យល្អមើលនោះទេ។
អំឡុងពេលជួបសំណេះសំណាលនៅថ្ងៃនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមបន្តរួមគ្នាការពារឆ្នាំងបាយពលរដ្ឋ និងរួមគ្នាការពារការរីកចម្រើននៅកម្ពុជា ដើម្បីកម្ពុជាទាំងអស់គ្នា។
កត្តាចម្បងពីរដែលធ្វើឱ្យវិនិយោគិនបរទេសនានា ចង់ទៅបណ្ដាក់ទុន និងបង្កើនការវិនិយោគនៅប្រទេសមួយនោះគឺ សុខសន្តិភាព ស្ថិរភាពនយោបាយ និងគោលនយោបាយអភិវឌ្ឍន៍ត្រឹមត្រូវល្អ ទើបអ្នកវិនិយោគទុន មានទំនុកចិត្ត ៕
ដោយ ៖ សហការី