ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅ ខណ្ឌពោធិ៍សែនជ័យ ស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយធ្វើប្លង់កម្មសិទ្ធិដីធ្លី ដាក់លូ ធ្វើផ្លូវ ទឹកស្អាត និងបញ្ហាប្រឈម មួយចំនួនសម្រាប់ បំពេញតម្រូវការប្រចាំថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ វេទិកាផ្សព្វផ្សាយ នឹងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃអង្គារ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋចូលរួមប្រមាណជិត៦០០នាក់ នឹង បានលើកឡើងនូវ សំណើ សំណូមពរយ៉ាងច្រើន ក្នុងនោះពួកគាត់បានលើកឡើងនូវសំណើផ្ទាល់មាត់ ចំនួន១៧នាក់ ស្មើនឹង២៣បញ្ហា នឹង តាមប្រអប់សំបុត្រចំនួន១០០នាក់ ផ្សេងទៀត។

     រាល់សំណើ និងសំណូមពរ សុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយនូវទុក្ខកង្វល់របស់ពួកគាត់ ដែលភាគច្រើនស្នើសុំធ្វើប្លង់កម្មសិទ្ធិលើអចលនៈទ្រព្យ ស្នើសុំជួសជុលនិងដាក់លូ ជួសជុលផ្លូវ ស្នើសុំឱ្យពិនិត្យឡើងវិញលើការបង់ពន្ធដីធ្លីកន្លងមក ដោះស្រាយការបញ្ហាលិចលង់ភូមិដ្ឋាន ដោយជំនន់ទឹកភ្លៀង នឹងបញ្ហាមួយចំនួនដែលនៅ សេស សល់ពីគម្រោងអភិវឌ្ឍន៍មូលដ្ឋាន ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឆ្នាំកន្លងទៅ។

    វេទិកាផ្សព្វផ្សាយ នឹងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌពោធិ៏សែនជ័យនេះ ធ្វើឡើងក្រោមវត្តមាន លោក ជួប ខុន សមាជិកក្រុមប្រឹក្សានឹងជាតំណាង លោក ប្រធានប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ នឹង លោក ហួត ហៃ អភិបាលរង តំណាង លោក អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធជាច្រើនទៀត នៅ ក្នុងបរិវេណ វត្តពោធិ៍ចិនតុង។

     ឆ្លើយតបនៅចំពោះមុខប្រជាពលរដ្ឋពាក់ព័ន្ធ នឹងសំណើ សុំធ្វើផ្លូវ ជួសជុលផ្លូវ ដាក់លូ ស្តាលូ ប្រឡាយ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ នឹងដឹកជញ្ជូន ក៏បានបង្ហាញពីកិច្ចសហការជាមួយរដ្ឋបាលខណ្ឌ ដើម្បីដោះស្រាយនូវសំណើ ទាំងឡាយណា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួនឱ្យបានឆាប់ តាមតែអាចធ្វើទៅបាន។ ចំពោះសំណើណាដែលមានទំហំថវិកាលើសពីដែនសមត្ថកិច្ចរបស់មន្ទីរ លោកនឹងចុះសិក្សាលំអិតរួចដាក់ជូនអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យនឹង សម្រេចដោះស្រាយជូនទៅតាមផែនការជាបន្តបន្ទាប់នៅពេលក្រោយ។ ចំណែកឯបញ្ហាទីតាំងដាក់សំរាមនៅផ្សារ សិនជួរី បញ្ហាពន្ធដា បញ្ហាធ្វើអត្ថសញ្ញាណប័ណ្ណហួសសុពលភាព និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានអញ្ជើញមន្រ្តីជំនាញឡើងមកពន្យល់និងចូលរួមដោះស្រាយជូនប្រជាពលរដ្ឋទាំងនោះ ប៉ុន្តែយ៉ាងអាជ្ញាធរក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋផងដែរ ចំពោះ ការយឺតយាវ ដោយសារត្រូវដោះស្រាយទៅតាមជំហានជាបន្តបន្ទាប់ជូន។       

       លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា  វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកនេះ មានពលរដ្ឋចូលរួមយ៉ាងផុសផុលទាំងផ្ទាល់មាត់ និងតាមប្រអប់សំបុត្រ បើទោះជាបញ្ហាខ្លះ ស្ថិតនៅក្នុងគម្រោងផែនការអភិវឌ្ឍន៍៣ឆ្នាំរំកិលក្តី តែយើងបានបកស្រាយពន្យល់ជូនពួកគាត់ បានជ្រាបហើយដែរ។  

   លោកបន្តថា ចំពោះសំណើរសុំដែលមិន ទាន់បានដោះស្រាយ យើងនឹងបន្តយកទៅពិភាក្សា នឹង ដោះស្រាយតាមក្រោយទៀត។

  លោក ហួត ហៃ បានលើកឡើងទៀតថា ប្រទេសកម្ពុជា នៅបន្តរក្សាបានសុខសន្តិ ភាព សុខសន្តិភាពនេះហើយ ដែលបានធ្វើដោយកម្ពុជាយើងអាចធ្វើជាម្ចាស់ផ្ទះ សំរាប់កម្មវិធីធំៗ ជាក់ស្តែង ដូចជា កិច្ចប្រជុំកំពូលអាស៊ាន ការប្រកួនកីឡាស៊ីហ្គេមជាដើម។ សមិទ្ធផលធំមួយទៀត ដែលកម្ពុជាសំរេចបាននោះ គឺកម្ពុជាឈរជើងយ៉ាងរឹងមាំនិងមិនក្ស័យធន់ រក្សាបានកំណើន សេដ្ឋកិច្ចថែមទៀត ខណៈពិភពលោកកំពុងប្រឈម បញ្ហាសេដ្ឋកិច្ច បណ្តាលមកពីជំងឺ កូវីដ-១៩ និងសង្ក្រាមនៅអ៊ុយក្រែនជាដើម។

    លោក  ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានី ក៏បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ អំឡុង ខែតុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ នឹងសំណើ របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាសាធារណៈជាដើម។ តាមរយៈវេទិកា នេះ ក៏ចង់បង្ហាញពីសកម្មភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានបំពេញការងារបម្រើ ប្រជាពលរដ្ឋកន្លងមកនោះតើបានគ្រប់ជ្រុងជ្រោយទេ ឬនៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋលើកឡើងពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍ ជាមួយ នឹងការផ្តល់សេវាសាធារណៈបានកាន់តែ ល្អប្រសើរឆ្លើយ តបទាន់ពេលវេលាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល ៕

ដោយ៖ សំរិត


ចែករំលែក៖