ព័ត៌មានទាន់ហេតុការណ៍៖

កងយោធពលខេមរភូមិន្ទហាត់សមនៅវិមានឯករាជ្យ ដេីម្បីត្រៀមខ្លួនក្នុងខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០២៣ខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ នាយទាហាន និងពលទាហាននៃកងយោធពលខេមរភូមិន្ទបានធ្វើការហាត់សមដើម្បីត្រៀមខ្លួនក្នុងខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-២០២៣ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃខាងមុខនេះ ។

​     គួររំលឹកផងដែរថា ជារៀងរាល់ឆ្នាំ គណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជាគ្រប់ក្រសួង ស្ថាប័ន មន្ទីរទាំងអស់ នឹងដឹកនាំគណៈប្រតិភូថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និង បន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា “ព្រះបរមរតនកោដ្ឋ” នាមណ្ឌលសួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ ក្នុងពិធីខួបអនុស្សាវរីយ៍ទិវាបុណ្យឯករាជ្យ ជាតិ ៩ វិច្ឆិកា ដើម្បីចងចាំជានិច្ចនូវឧបការគុណយុទ្ធជន និងបុព្វបុរសដែលបានពលីជីវិតដើម្បីជាតិនិងប្រជារាស្រ្ត និងចងចាំជានិច្ចព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដ៏ឧត្តុង្គឧត្តមនៃព្រះករុណា ព្រះបរមរតនកោដ្ឋ។ ខួបអនុស្សាវរីយ៍នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ជាថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យពេញបរិបូណ៌ពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជបូនីយកិច្ចរបស់ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ 

​     ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិនិងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពលនិងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃ ព្រះរាជបូជនីយកិច្ចដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

ដោយ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖