ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ និងមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាតិ បន្តយន្តការលើកកម្ពស់សុខុមាលភាពប្រជាជននិងសិទ្ធិកុមារនៅកម្ពុជា!

ចែករំលែក៖

ភ្នំពេញ ៖ នាទីស្ដីការក្រសួងមហាផ្ទៃ ក្នុងឱកាសអនុញ្ញាតជូន លោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ព្រមទាំងលោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ Unicef ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា គម្រោងលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងគម្រោងកិច្ចការពារកុមារ ដែលអង្គការ Unicef បាន និងកំពុងអនុវត្តជាមួយក្រសួងមហាផ្ទៃ ជាគម្រោងដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ស្របតាមមុំទី៣ យុទ្ធសាស្ត្រទី១ នៃយុទ្ធសាស្ត្របញ្ចកោណ។ លោកអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងសិទ្ធិកុមារ ក្នុងគោលបំណងគាំពារ និងលើកកម្ពស់សិទ្ធិកុមារ តាមរយៈគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ក៏ដូចជាកិច្ចសហការភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលនានា។ 

លោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ បានថ្លែងឯកភាពជាគោលការណ៍ចំពោះប្រសាសន៍របស់ លោកអភិសន្តិបណ្ឌិត ដោយបានសម្ដែងការកោតសរសើរនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់កិច្ចការពារកុមារ ក៏ដូចជាការបន្តយកចិត្តទុកដាក់លើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ លោកស្រីបានសម្ដែងការគាំទ្រ និងលើកទឹកចិត្តដល់កម្ពុជាក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងទាំងនេះថែមទៀត។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន ស្នើដល់អង្គការ Unicef ឱ្យបន្តគាំទ្រគម្រោងដែលកំពុងអនុវត្តជាមួយក្រសួងមហាផ្ទៃ ដើម្បីបន្តលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស កុមារដែលកំពុងរងគ្រោះ, បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការជួញដូរកុមារ និងបន្តជួយកសាងសមត្ថភាពមន្រ្តីជំនាញរបស់ក្រសួងមហាផ្ទៃតាមរយៈការបណ្តុះបណ្តាលបង្កើនសមត្ថភាពស្របតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

តបទៅនឹងការស្នើខាងលើ លោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ Unicef ប្ដេជ្ញាគាំទ្រផ្ដល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សេងៗបន្តទៀត។ 

ជាកិច្ចបញ្ចប់ការសន្ទនា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជាមួយអង្គការ Unicef គឺជាកត្តាចម្បងមួយក្នុងចំណោមកត្តាផ្សេងទៀត ក្នុងការបន្តលើកកម្ពស់សិទ្ធិកុមារកម្ពុជា ព្រមទាំងជម្រុញដល់ការដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕

ដោយ ៖ សហការី


ចែករំលែក៖