ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ។
សូមបញ្ជាក់ថា ៖ ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃ បញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសពិធីបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា) និងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក (២៦-២៧-២៨ វិច្ឆិកា) ឆ្នាំ២០២៣។ ការពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតដែលបានដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំរបស់គណៈកម្មកាថ្នាក់ជាតិនេះគឺទទួលបានមកពីមណ្ឌលអប់រំកែប្រែចំនួន ៤ និងពន្ធនាគារ រាជធានី-ខេត្តចំនួន ២៣។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធាន និងសមាជិកគណៈកម្មការថ្នាក់ជាតិ ដែលជាតំណាងមកពីក្រសួង ស្ថាប័នតុលាការ និងស្ថាប័នផ្សេងទៀត។
សូមបញ្ជាក់ជូនថា៖ បើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ កាលពគម្សិលមុិញ បានបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងយុត្តិធម៌ នឹងមានរៀបចំកិច្ចប្រជុំពិនិត្យរបស់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យលើសំណើរសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ០៩ ខែវិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ ដែលក្នុងនោះគណៈកម្មការជាតិ បានទទួលសំណើរពីគណៈកម្មការរាជធានី-ខេត្ត(ពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣) និងពីគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង០៤) ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៃពិធីបុណ្យទាំងពីរនេះសរុបចំនួន ៩០២ នាក់ (ស្រី ៦១ នាក់) រួមមានដូចខាងក្រោម៖
១~ពិធីបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា) បញ្ជីទណ្ឌិតចំនួន ៤៦៤ នាក់ (ស្រី ៣៤ នាក់) រួមមាន៖
•ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤៣២ នាក់ (ស្រី ២៩ នាក់)
•ស្នើសុំលើកលែងទោស ចំនួន ៣២ នាក់ (ស្រី ០៥ នាក់) ។
២~ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បញ្ជីទណ្ឌិតចំនួន ៤៣៨ នាក់ (ស្រី ២៧ នាក់) រួមមាន៖
•ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤១៨ នាក់ ( ស្រី ២៦ នាក់)
•ស្នើសុំលើកលែងទោស ចំនួន ២០ នាក់ ( ស្រី ០១ នាក់) ៕
ដោយ ៖ សហការី