ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយការដាក់ឱ្យដំណើរការសាកល្បង (Pilot) មុខងារបំពេញបែបបទគយមុនពេលទំនិញមកដល់តាមផ្លូវសមុទ្រ

ចែករំលែក៖

ភ្នំពេញ  ៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាជាតិគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) និងសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយការដាក់ឱ្យដំណើរការសាកល្បង (Pilot) មុខងារបំពេញបែបបទគយមុនពេលទំនិញមកដល់តាមផ្លូវសមុទ្រ ដែលជាផ្នែកនៃគម្រោង Digitising Global Maritime Trade (DGMT) ដើម្បីធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយមុនពេលទំនិញមកដល់ ក្រោមអធិបតីភាព លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមភស្តុភារកម្មកម្ពុជា ក្រុមហ៊ុននាវាចរ ភ្នាក់ងារបញ្ជូនទំនិញ និងវិស័យឯកជនផ្សេងទៀត ព្រមទាំងបណ្តាអង្គភាពគយនិងរដ្ឋាករពាក់ព័ន្ធចំនួនប្រមាណ ១០០នាក់។

គោលបំណងនៃសិក្ខាសាលា គឺត្រូវបានរៀបចំឡើងដើម្បី៖

1-ផ្សព្វផ្សាយពីវឌ្ឍនភាពគម្រោង រួមមាន ការរៀបចំនីតិវិធីនិងមុខងារប្រព័ន្ធក្នុងការទទួលទិន្នន័យសម្រាប់ការបំពេញបែបបទគយមុនពេលទំនិញមកដល់តាមផ្លូវសមុទ្រ

2-ផ្សព្វផ្សាយផែនការដាក់ឱ្យដំណើរការសាកល្បង (Pilot) មុខងារបំពេញបែបបទគយមុនពេលទំនិញមកដល់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និង

3-កំណត់សមាសភាពវិស័យឯកជន ក្នុងការចូលរួមដំណើរការសាកល្បងដំណាក់កាលបើកចំហ (Open Test) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។

គណអធិបតី បានជម្រាបជូនអង្គសិក្ខាសាលាអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តវិធានការនានាស្របតាមការអនុវត្តល្អជាអន្តរជាតិ ដើម្បីផ្តល់កិច្ចសម្រួលពាណិជ្ជកម្មដល់ការធ្វើធុរកិច្ចឆ្លងកាត់ព្រំដែន ក្នុងគោលបំណងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារអន្តរជាតិ។ ក្នុងនោះ ការអនុវត្តពេញលេញនូវនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ ការអនុវត្តទម្រង់អេឡិចត្រូនិកជំនួសទម្រង់ក្រដាស និងការធ្វើសាមញ្ញកម្មនីតិវិធីគយ គឺជាផែនការសកម្មភាពចម្បងដែល អគរ ត្រូវសម្រេចឱ្យបាន។

គម្រោង  Digitising Global Maritime Trade ជាជំនួយរបស់ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ សម្របសម្រួលអនុវត្តដោយគម្រោង ARISE Plus Cambodia សហការជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងគោលបំណងធ្វើឌីជីថលនីយកម្មនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយមុនពេលទំនិញមកដល់ (Pre-arrival Processing) សម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ដើម្បីផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម និងពន្លឿនការបញ្ចេញទំនិញពីគយ ដែលអនុញ្ញាតឱ្យទំនិញអាចត្រូវបានបញ្ចេញពីគយភ្លាមៗ បន្ទាប់ពីនាវាមកដល់។

អង្គសិក្ខាសាលាបានស្វែងយល់ពីសារៈសំខាន់នៃការចូលរួមពីក្រុមហ៊ុននាវាចរ ភ្នាក់ងារបញ្ចូនទំនិញ ភ្នាក់ងារនាវាភារវេទកិច្ច (NVOCC) និងភ្នាក់ងារពាក់ព័ន្ធក្នុងការផ្តល់នូវទិន្នន័យនិវេទនបណ្ណ (Cargo Manifest) និងអញ្ញាតបណ្ណ (B/L) ក្នុងទម្រង់អេឡិចត្រូនិក មុនពេលមកដល់នៃមធ្យោបាយដឹកជញ្ជូន ស្របតាមពេលវេលាដែលបានកំណត់ ដើម្បីឱ្យរដ្ឋបាលគយមានពេលវេលាគ្រប់គ្រាន់ក្នុងការវាយតម្លៃហានិភ័យ ក៏ដូចជាអនុញ្ញាតឱ្យម្ចាស់ទំនិញឬជើងសាគយអាចដាក់ប្រតិវេទន៍គយមុនពេលទំនិញមកដល់។

ក្នុងសិក្ខាសាលានេះ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានធ្វើបទបង្ហាញសង្ខេប អំពីការកែសម្រួលនីតិវិធីសម្រាប់គាំទ្រដល់ការអនុវត្តការបំពេញបែបបទមុនពេលទំនិញមកដល់ និងបទបង្ហាញស្តីអំពីការរាយការណ៍អំពីទំនិញជាមុនផងដែរ។ ជាមួយគ្នានេះដែរ អង្គសិក្ខាសាលាក៏បានធ្វើការពិភាក្សាគ្នាយ៉ាងផុលផុស ដោយលើកឡើងនូវសំណួរ/ចម្លើយពាក់ព័ន្ធនឹងនីតិវិធីនៃការបំពេញបែបបទគយមុនពេលទំនិញមកដល់ និងបានស្នើដល់វិស័យឯកជនពាក់ព័ន្ធឱ្យស្ម័គ្រចិត្តចូលរួមធ្វើតេស្តសាកល្បង (Open Test) និងផែនការសកម្មភាពពាក់ព័ន្ធផ្សេងទៀត ដើម្បីត្រៀមរៀបចំដាក់ឱ្យអនុវត្តជាផ្លូវការឱ្យបានជោគជ័យនាពេលដ៏ខ្លីខាងមុខ៕

ដោយ  ៖ សហការី


ចែករំលែក៖