ព័ត៌មានទាន់ហេតុការណ៍៖

ចំណេះដឹងខ្លីៗ ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ!

ចែករំលែក៖

ភ្នំពេញ ៖ ចំណេះដឹងខ្លីៗ ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ!

១) អ្វីទៅជាជំងឺមហារីកពោះវៀនធំ?

ជំងឺមហារីកពោះវៀនធំ គឺជាជំងឺមួយដែលគេតែងតែជួបប្រទះជាញឹកញាប់ទៅលើមនុស្សដែលមាន អាយុលើសពី៥០ឆ្នាំ។ កត្តាជាច្រើនដែលបង្កអោយមានជំងឺមហារីកពោះវៀនធំរួមមាន៖

   – ការបរិភោគសាច់ច្រើន

   – អាយុលើសពី៥០ឆ្នាំ

   – ផឹកស្រា

   – ជក់បារី

   – និងការប្រែប្រួលនៃហ្សែន

ជំងឺមហារីកពោះវៀនធំដែលបង្កមកពីការប្រែប្រួលនៃហ្សែន គឺអាចចំលងទៅអោយសមាជិកជំនាន់ក្រោយ ដែលធ្វើអោយជំងឺនេះក្លាយជាជំងឺតំណពូជ។

២) តើធ្វើយ៉ាងណាទើបដឹងថាអ្នកជំងឺមានជំងឺមហារីកពោះវៀនធំដោយសារហ្សែន?

ជាទូទៅការធ្វើរោគវិនិច្ឆ័យ គឺគេធ្វើការវិភាគរកបម្រែបម្រួលរបស់ហ្សែន។ ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់នៃជំងឺមហារីកពោះវៀនធំត្រូវតែធ្វើការវិភាគទៅលើហ្សែនទាំងអស់នោះទេ។ កត្តាមួយចំនួនអាចអោយយើងសង្ស័យថាអ្នកជំងឺមហារីកពោះវៀនដែលបណ្តាលមកពីបម្រែបម្រួល ហ្សែនដែលកត្តានោះរួមមាន៖

   – អ្នកជំងឺមានបងប្អូន ឬឳពុកម្តាយបង្កើតមានមហារីកពោះវៀនធំ (យ៉ាងតិច២នាក់)

   – អ្នកជំងឺមានអាយុតិចជាង ៦០ឆ្នាំ

   – ការឆ្លុះពោះវៀនឃើញថាអ្នកជំងឺមានចំនួនដុំសាច់ (ប៉ូលីព) ច្រើនជាង ១០០ ក្នុងពេលឆ្លុះពោះវៀន។

៣) នៅពេលដែលជំងឺមហារីកពោះវៀនដែលបង្កមកពីហ្សែនត្រូវបានរកឃើញ តើកត្តាអ្វីខ្លះដែលគ្រួសារអ្នកជំងឺចាំបាច់ត្រូវធ្វើ?

យើងដឹងហើយថាជំងឺមហារីកពោះវៀនធំដែលបណ្តាលមកពីហ្សែន គឺជាជំងឺតំណពូជ ដូចនេះនៅពេលដែលរោគវិនិច្ឆ័យបានបញ្ជាក់ថាហ្សែនជាមូលហេតុបង្កអោយមានជំងឺមហារីក គ្រួសារអ្នកជំងឺចាំបាច់ត្រូវតែធ្វើការតាមដាន និងបង្ការដើម្បីរកអោយឃើញជំងឺនេះ នៅដំណាក់កាលដំបូងដើម្បីអោយការព្យាបាលមានប្រសិទ្ធភាពខ្ពស់។

៤) តើការតាមដានត្រូវធ្វើឡើងតាមវិធីណា?

វិធីតែមួយគត់ដែលអាចធ្វើអោយយើងអាចរកឃើញជំងឺមហារីកពោះវៀនធំនៅដំណាក់កាលដំបូង និងបង្ការជំងឺនេះបានគឺការឆ្លុះពោះវៀន។ ដោយសារការប្រឈមមុខខ្ពស់ទៅនឹងការកើតមហារីកពោះវៀន ដូចនេះគ្រួសាររបស់អ្នកជំងឺទាំងអស់ ត្រូវតម្រូវអោយធ្វើការឆ្លុះពោះវៀន ១ទៅ២ឆ្នាំម្តង នៅពេលដែលពួកគេមានអាយុចាប់ពី២០ឆ្នាំឡើងទៅ អ្នកជំងឺអាចតម្រូវអោយមានការឆ្លុះក្រពះ និងការតាមដានជំងឺមហារីកស្បូនបន្ថែមក្នុងករណីចាំបាច់។ បើមិនមានការតាមដានអោយបានដិតដល់នោះទេ អ្នកជំងឺអាចនឹងប្រឈមមុខក្នុងការធ្វើរោគវិនិច្ឆ័យយឺតយ៉ាវដែលអាចធ្វើអោយការព្យាបាល គ្មានប្រសិទ្ធភាព (មិនអាចជាសះស្បើយ)។

៥) តើការព្យាបាលជំងឺមហារីកពោះវៀនដែលបណ្តាលមកពីហ្សែន គេធ្វើដូចម្តេច?

ជាទូទៅរបៀបនៃការព្យាបាលជំងឺមហារីកពោះវៀន គេធ្វើដូចគ្នាទៅនឹងជំងឺមហារីកពោះវៀន ដែលបណ្តាលមកពីមូលហេតុផ្សេងទៀតៈ

   – ការវះកាត់ជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក្នុងករណីជំងឺនេះមិនទាន់មានការរីករាលដាល

   – ក្នុងករណីជំងឺមានការរីករាលដាលទៅសរីរាង្គផ្សេងទៀត គឺគេត្រូវព្យាបាលដោយថ្នាំគីមី។ ក្នុងករណីនេះការព្យាបាលមិនអាចជាសះស្បើយឡើយ។

   – ការឆ្លុះពោះវៀនជាវិធីសាស្ត្រមួយដែលអាចព្យាបាល និងបង្ការជំងឺមហារីកពោះវៀនបាន។ ការឆ្លុះពោះវៀនអាចអោយយើងកាត់យកចេញនូវដុំសាច់តូចៗដែលបម្រុង និងក្លាយជាជំងឺមហារីក បើដុំសាច់តូចៗទាំងអស់ត្រូវបានយកចេញអ្នកជំងឺអាចជៀសផុតពីជំងឺមហារីកពោះវៀនបាន។

ដូចនេះបើលោកអ្នកមានបងប្អូន និងគ្រួសារមានជំងឺមហារីកពោះវៀនធំ សូមបងប្អូនមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិគ្រោះ និងស្វែងរកវិធីការពារកុំអោយមានការយឺតយ៉ាវក្នុងការព្យាបាលដែលអាចអោយមានគ្រោះថ្នាក់ដល់ជីវិត។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សហការី


ចែករំលែក៖