ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ ករណីបាតុភូតគ្រោះធម្មជាតិ រន្ទះបាញ់បានកើតឡើងជាង ១៣០លើក បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ស្លាប់ និងរងរបួសជាង ១៣០នាក់ ក្នុងនោះខេត្តបាត់ដំបងមានអ្នកស្លាប់ច្រើនជាងគេ នេះបេីគិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៣។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ករណីគ្រោះរន្ទះបាញ់បានកើតឡើងចំនួន ១៣៣ លើក នៅរាជធានី-ខេត្តចំនួន ១៦ បណ្តាលឲ្យខូចខាតផ្ទះសម្បែងចំនួន ១៥ខ្នង ស្លាប់មនុស្ស ៧៥ នាក់ របួស ៥៨នាក់ និងងាប់គោក្របី ៩៧ក្បាល។
លោក សុទ្ធ គឹមកុលមុនី បានបន្ថែមថា ក្នុងចំណោមគ្រោះរន្ទះបាញ់ ១៣៣លើក ខេត្តបាត់ដំបងកើតឡើងច្រើនជាងគេមានចំនួន ១៧លើក បណ្តាលឱ្យស្លាប់ចំនួន ៩នាក់ របួស ៣នាក់ និងងាប់គោក្របី ១៥ក្បាល ,បន្ទាប់មកខេត្តកំពង់ធំកើតឡើង ១២លើក ស្លាប់ ៩នាក់ របួស៨នាក់ ងាប់គោក្របី ១២ក្បាល ,ខេត្តក្រចេះ កើតឡើង ១៥លើក បណ្តាលឱ្យមនុស្សស្លាប់ ៨នាក់ របួស ១៧នាក់ ងាប់គោ ១ក្បាល ,ខេត្តសៀមរាបកើតឡើង ១២លើក បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ របួស ៧នាក់ ងាប់គោក្របី ១៥ក្បាល ,ខេត្តស្វាយរៀងស្លាប់ ៤នាក់ របួស ១នាក់ ងាប់គោក្របី ៧ក្បាល ,រាជធានីភ្នំពេញស្លាប់ ១ នាក់ ,ខេត្តកណ្តាលស្លាប់ ៣នាក់ ,ខេត្តតាកែវ ស្លាប់ ៣នាក់ ងាប់គោក្របី ៩ក្បាល ,ខេត្តកំពង់ឆ្នាំងស្លាប់ ៦នាក់ របួស ១នាក់ ងាប់គោក្របី ៣ក្បាល ,ខេត្តពោធិ៍សាត់ស្លាប់ ៤នាក់ របួស ១នាក់ ,ខេត្តបន្ទាយមានជ័យស្លាប់ ៤នាក់ របួស ១២នាក់ ,ខេត្តឧត្តរមានជ័យស្លាប់ ២នាក់ របួស ២នាក់ ,ខេត្តព្រះវិហារ ស្លាប់ ២នាក់ ,ខេត្តព្រៃវែង ស្លាប់ ៥នាក់ ,ខេត្តរតនគីរី ស្លាប់ ៣នាក់ និងខេត្តស្ទឹងត្រែង ស្លាប់ ៣នាក់។
សូមជម្រាបជូនថា ករណីគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់កើតឡើងចំនួន ២៧៩លើក បណ្តាលឱ្យរលំផ្ទះចំនួន ២០០២ខ្នង របើកដំបូលផ្ទះ ១២៧៥២ខ្នង របើកដំបូលសាលារៀន ៩២ខ្នង តូបផ្សារ ១៧៨តូប អគាររដ្ឋបាល ៣៩កន្លែង ស្លាប់មនុស្ស ៩នាក់ និងរបួស ១៧០នាក់ គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៣នេះ៕
ដោយ៖ សហការី