សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ព័ន្ធមិត្ត NATO បានថ្កោលទោសរុស្ស៉ីដែលបានសម្រេចចិត្តដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាគ្រប់គ្រងសព្វាវុធនៅទ្វីបអឺរ៉ុប ហៅកាត់ថា CFE ហើយថានឹងព្យួរកាតព្វកិច្ចរបស់ខ្លួននៅក្រោមសន្ធិសញ្ញានេះជាការឆ្លើយតប។
រុស្ស៉ីបានដកខ្លួនចេញផុតជាផ្លូវការពីសន្ធិសញ្ញា CFE កាលពីថ្ងៃទី៧ ខែវិច្ឆិកា ដោយសំអាងថាសហរដ្ឋអាមេរិកជាអ្នកបំផ្លាញសន្តិសុខនៅក្រោយសម័យសង្រ្គាមត្រជាក់ តាមរយៈការពង្រីកទឹកដីរបស់បក្សសម្ព័ន្ធយោធា NATO។ នៅក្នុងសេចក្ដីថ្លែងការណ៍ NATO បានគូសបញ្ជាក់ដូច្នេះថា «សម័្ពន្ធមិត្ត ថ្កោលទោសការសម្រេចចិត្តរបស់រុស្ស៉ីដែលដកខ្លួនចេញពីសន្ធិសញ្ញា CFE ហើយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែនបានដើរផ្ទុយពីវត្ថុបំណងនៃសន្ធិសញ្ញានេះ… ដូច្នេះជាការឆ្លើយតប រដ្ឋសម្ព័ន្ធមិត្តជាភាគីនឹងព្យួរកាតព្វកិច្ចរបស់ខ្លួននៅក្រោមសន្ធិសញ្ញា CFE ស្របទៅតាមច្បាប់អន្តរជាតិ ហើយនេះជាការសម្រេចចិត្តទទួលបានការគំាទ្រទាំងស្រុងពី NATO»។
សហរដ្ឋអាមេរិក ក៏បានប្រកាសពីការព្យួរកាតព្វកិច្ចរបស់ខ្លួននៅក្រោមសន្ធិសញ្ញា CFE ផងដែរដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី៧ ខែធ្នូ ខាងមុខនេះ ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តដកខ្លួនរបស់រុស្ស៉ី។
សន្ធិសញ្ញា CFE ត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៩០ ដោយបក្សសម្ព័ន្ធយោធាណាតូ និងអតីតបក្សសម្ព័ន្ធយោធាកតិកាសញ្ញាទីក្រុងវ៉ាសូវី ហើយបានចូល ជាធរមាននៅឆ្នាំ១៩៩២។ សន្ធិសញ្ញានេះ ត្រូវបានបង្កើតឡើងក្រោមគោលដៅបង្កើតតុល្យភាពរវាងសម្ព័ន្ធភាពយោធាទាំង២ តាមរយៈការកំណត់ ចំនួនសព្វាវុធនិងសម្ភារយោធា ដែលភាគីទាំងពីរត្រូវបានអនុញ្ញាតឱ្យដាក់ពង្រាយ៕
ដោយ៖ ធីរីណា(រូបថត៖ Alamy)