ខេត្តស្ទឹងត្រែង៖ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានរៀបចំឲ្យបងប្អូនជនជាតិកាវែត នៅភូមិទាក់ទាម ឃុំសន្តិភាព ស្រុកសៀមប៉ាង ថែរក្សារបៀបបុកស្រូវ យកអង្ករ ដែលជាទំលាប់ពីដូនតា និងជាផ្នែកមួយនៃវប្បធ៌មខ្មែរសំរាប់បង្ហាញភ្ញៀវទេសចរឲ្យចាប់អារម្មណ៍ មកលេង នៅភូមិជនជាតិមួយនេះ។
លោក អ៊ន ប៉ោសឿន ប្រធានមន្ទីទេសចរណ៍ខេត្ត បានឲ្យដឹងថា នេះជារបៀបដឹកជញ្ជូនស្រូវនឹងរទេះគោនិងរបៀបបុកស្រូវកិននិងត្បាល់ ដែលចាស់ៗជំនាន់ដើមបានប្រើប្រាស់រទេះគោ បុកស្រូវនិងអង្រែ ជាន់និងត្បាលក្តឿងធ្វើពីឈើរបៀបបុកស្រូវនេះ បច្ចុប្បន្នស្ទើរតែបាត់បង់ទៅហើយ។
លោកប្រធានមន្ទីរបានបន្តថា នេះជាវប្បធម៌មួយរបស់ខ្មែរយើង ហើយបងប្អូនជនជាតិនៅភូមិនេះត្រូវនាំគ្នាអភិរក្ស នូវឧបករណ៍រួមមានរទេះគោ-ត្បាល់-អង្រែ -ចង្អេរស្ទៃអង្ករ -កញ្ច្រែងរែងកន្ទក់ និងរបៀប បុករែង-ទុកសំរាប់បង្ហាញភ្ញៀវទេសចរ ដែលមកលេងភូមិនេះបានឃើញពីរបៀបបុកស្រូវ បង្ហាញដោយបងប្អូនជនជាតិភាគតិចយើង។
លោក ស៊ុយ អ៊ាមឡន អភិបាលរងស្រុកសៀមប៉ាងគាំទ្រចំពោះការរៀបចំឲ្យមានផលិតផលមួយនេះ ព្រោះវាអាចទាក់ទាញភ្ញៀវទេសចរបាន ដោយសារការបុកស្រូវយកអង្ករនេះ ជាអត្តសញ្ញាណខ្មែរដើមទោះបីថាបច្ចុប្បន្នយើងមានម៉ាស៊ីនកិនស្រូវបែបទំនើបក៍ដោយ។ លោកបញ្ជាក់ថា ការអភិរក្សសម្បត្តិវប្បធម៌និងប្រពៃណីនេះ ពិតជាមានតម្លៃសម្រាប់សង្គមជាតិ ហើយកូនចៅជំនាន់ក្រាយ ភ្ញៀវទេសចរជាតិ មកភូមិនេះ បានឃើញនិងបានស្គាល់។
លោកស្រី នី នូ ជនជាតិកាវែតរស់នៅភូមិទាក់ទាមបានឲ្យដឹងដែរថា ទំនៀមទំលាប់នេះមានតែបងប្អូននៅទីជនបទនេះហើយ ដែលអាចថែរក្សាវាបាន ននិងបន្តបង្ហាត់បង្រៀនទៅបងប្អូនកូនចៅឲ្យចេះបុក-រែងសម្រាប់បង្ហាញភ្ញៀវទេសចរ ប្រសិនជាភ្ញៀវបានមកដល់ភូមិទាក់ទាម ឃុំសន្តិភាពនេះ។
គួររំលឹកផងដែរថា កេរ្ត៍តំណែលនេះជាផ្នែកមួយដែលដូនតាចាស់ទុំជំនាន់ដើម យកឈើមកធ្វើជាឧបករណ៍បុកស្រូវយកអង្ករ មកដាំបាយចិញ្ចឹមកូន ព្រោះកាលនោះគ្មានម៉ាស៊ីនកិនស្រូវ ដូចបច្ចុប្បន្ននេះទេ៕
ដោយ៖ សូរិយា