ព័ត៌មានទាន់ហេតុការណ៍៖

យប់ថ្ងៃឆ្លងឆ្នាំ ! បុរសម្នាក់ជិះម៉ូតូទៅចាក់សាំងបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ទៅបុករថយន្តពីក្រោយបណ្តាលឱ្យបោកក្បាលបាក់កស្លាប់ភ្លាមមួយរំពេច

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅវេលាម៉ោង១២និង ៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១​ ខែមករា ឆ្នាំ២០២៥ បុរសម្នាក់បានជិះម៉ូតូហុងដាឌ្រីមជ្រុលទៅបុករថយន្តតូយ៉ូតាព្រុសពីក្រោយយ៉ាងពេញទំហឹង​ បណ្ដាលឱ្យបោកក្បាលបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​ ត្រង់ចំណុចជិតច្រកចូលវត្តព្រែកថ្លឹង តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

សពជនរងគ្រោះមានឈ្មោះ រាជ ឈៀន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានស្រុកកំណើតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកអ្នកបេីកបររថយន្តមិនស្គាល់អត្តសញ្ញាណបានគេចខ្លួនបាត់ពីកន្លែងកេីតហេតុ​ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JW -2225 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលទៅបុកជាមួយនឹងរថយន្តតូយ៉ូតាព្រុស ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខភ្នំពេញ 2BT -8914 ដែលកំពុងបេីកយឺតៗចំពីក្រោយរថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ 

រីឯភាគីខាងរថយន្តវិញរងការខូចខាតផ្នែកខាងក្រោយតែមិនបានឈប់ទទួលខុសត្រូវទេគឺបានព្យាយាមបើករថយន្តបត់ត្រឡប់ក្រោយចូលទៅក្នុងបុរីមួយកន្លែងយីហោចន្ទគីរី ហើយទុករថយន្តចោល អ្នកបេីកបរបានជិះរថយន្ត ផ្សេងគេចខ្លួនទៅបាត់ ។ 

បន្តិចក្រោយមក ក៏មានសមត្ថកិច្ចមូលដ្ឋានចុះទៅដល់និងបានធ្វើការទាក់ទងរកសាច់ញាតិសព ហើយក្រោយមកសាច់ញាតិបានមកដល់ក៏បានបញ្ជាក់ថា ជនរងគ្រោះបានប្រាប់អ្នកផ្ទះថា​យកម៉ូតូទៅចាក់សាំងដើម្បីជិះទៅស្រុកកំណើតនៅព្រឹកស្អែក រួចបានមួយសន្ទុះក៏ទទួលដំណឹងថា​ ជនរងគ្រោះជួបរឿងអកុសលបែបនេះ​។ 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានធ្វើលិខិតប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី​ ។ ចំណែកមធ្យោបាយទាំងអស់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យខាងចរាចរណ៍ផ្លូវគោកធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដំណោះស្រាយបន្តតាមច្បាប់៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖