ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួង​ព័ត៌មាន​៖​ ការគាំពារវិស័យសារព័ត៌មានឆ្នាំ២០២៤​ នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងនេះ ក្រសួងព័ត៌មានបានសម្របសម្រួល និងដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវៈចំនួន ៤៣ករណី ដោយក្រសួងបានផ្តល់ការប្រឹក្សាផ្នែកច្បាប់ក្នុងការដោះស្រាយបណ្តឹងចំនួន ២០ករណី ក្នុងនោះមានការផ្តល់មេធាវីជួយការពារក្នុងដំណើរការនៃនីតិវិធីតុលាផងដែរ ខណៈបណ្តឹងចំនួន ១៧ករណី ត្រូវបានដោះស្រាយដោយការអប់រំតម្រង់ទិសលើការប្រតិបត្តិនិយាមវិជ្ជាជីវៈ និងក្រមសីលធម៌ ដោយឈរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជាគោល។

លោកអ្នកនាំពាក្យបន្តថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការជួយដោះស្រាយនូវផលវិបាកដែលកើតចេញពីរបត់នៃបរិវត្តកម្មឌីជីថល អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលជាអ្នកជាប់ពន្ធតូច បានទទួលអត្ថប្រយោជន៍នៃការលើកលែងពន្ធប៉ាតង់ ចំនួន៥ឆ្នាំ គឺពីឆ្នាំ២០២៣ ដល់ ២០២៨ ដោយការបង់ពន្ធទទួលជាបន្ទុករបស់រដ្ឋ ខណៈការស្នើសុំអាជ្ញាប័ណ្ណក្នុងការបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មាន ទទួលបានការកាត់បន្ថយកម្រៃសេវា ចំនួន ៥០% ផងដែរ។

ពិសេសជាងនេះទៀត អ្នកសារព័ត៌មានដែលមានបណ្ណសម្គាល់អ្នកសារព័ត៌មានពីក្រសួងព័ត៌មាន ទទួលបានភាពស្របច្បាប់ដើម្បីប្រតិបត្តិអាជីពដោយគុណតម្លៃវិជ្ជាជីវៈ និងដោយគោរពក្រមសីលធម៌ ព្រមទាំងទទួលបានការគាំពារផ្នែកសុខភាពតាមរយៈការបញ្ចុះតម្លៃ ៣០% លើសេវាកម្មជាមួយស្ថាប័នសុខភាពដៃគូរបស់ក្រសួងព័ត៌មាន។

អ្នកនាំពាក្យរូបនេះ​ លើកឡើងបន្ថែមថា ដើម្បីលើកស្ទួយវិស័យព័ត៌មានក្រសួងព័ត៌មានបានផ្តោតការយកចិត្តទុកដាក់ជាអាទិភាពលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក្នុងនោះការពង្រឹងសមត្ថភាពក្នុងការយកព័ត៌មាន ផលិត និងផ្សព្វផ្សាយ គឺជាសសរស្តម្ភដ៏សំខាន់មួយសម្រាប់ធានាគុណភាពសារព័ត៌មាន និងប្រសិទ្ធភាពផ្សព្វផ្សាយ។ ជាក់ស្តែង ក្នុងក្របខណ្ឌនៃមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវិក្រឹត្យការរបស់ក្រសួងព័ត៌មាន និងតាមរយៈកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងសមាគមសារព័ត៌មាននានា ក្រសួងព័ត៌មានបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសរុបចំនួន ២៣ លើក ដល់អ្នកសារព័ត៌មានមកពីរាជធានី ខេត្ត មន្ត្រីទទួលបន្ទុកព័ត៌មាននិងផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន និងនៅតាមក្រសួង-ស្ថាប័ន សរុបចំនួនប្រមាណជាង ៥ពាន់នាក់។ ការបណ្តុះបណ្តាលទាំងនេះបានផ្តោតលើជំនាញផលិតនិងផ្សព្វផ្សាយ និយាមប្រតិបត្តិវិជ្ជាជីវៈ ក្រមសីលធម៌ ការបណ្តុះបណ្តាលស្តីពីច្បាប់និងលិខិតបទដ្ឋាន រាប់បញ្ចូលទាំង ច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដទៃទៀត។ មិនតែប៉ុណ្ណោះ ការបណ្តុះបណ្តាលក៏បានផ្តល់ការតម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ផងដែរ។

គួរបញ្ជាក់ថា​ ក្នុងឆ្នាំ២០២៤​ អង្គភាពសារព័ត៌មានចំនួន ១,៦២០ អង្គភាព សមាគមសារព័ត៌មានចំនួន២៦ អ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើបសរុបចំនួន ជាង ៨ពាន់ នាក់ បានបំពេញការងាររបស់ខ្លួនបានយ៉ាងពេញលេញ មានសុវត្ថិភាព ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន៕

ដោយ​៖តារា​ (ប្រភព៖ក្រសួង​ព័ត៌មាន​)


ចែករំលែក៖