ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែននឹងធ្វើអ្វីៗគ្រប់យ៉ាងក្នុងឆ្នាំ២០២៥ ដើម្បីបញ្ឈប់រុស្ស៉ី

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃអង្គារ ទី៣១ ខែធ្នូ បានសន្យាថា ប្រទេសរបស់លោកនឹងធ្វើអ្វីៗគ្រប់យ៉ាងក្នុងឆ្នាំ២០២៥នេះ ដើម្បីបញ្ឈប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលអូសបន្លាយពេលជិត៣ឆ្នាំមកនេះ។
ថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិអ៊ុយក្រែន កាលពីយប់ថ្ងៃអង្គារ មុនឆ្លងចូលឆ្នាំ២០២៥ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ឆ្នាំ២០២៥ អាចនឹងក្លាយជាឆ្នាំរបស់យើង។ យើងដឹងច្បាស់ថា សន្តិភាពនឹងមិនអាចផ្ដល់ឱ្យពួកយើងជាអំណោយនោះទេ ប៉ុន្តែយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ឈប់រុស្ស៉ី និងបិទបញ្ចប់សង្រ្គាម»។ លោក ហ្សេលេនស្គី បានបន្ថែមថា ក្នុងឆ្នាំ២០២៥ លោកនិងប្រជាជនអ៊ុយក្រែនត្រូវតែតស៊ូប្រយុទ្ធដើម្បីអ៊ុយក្រែនដែលខ្លាំងក្លាគ្រប់គ្រាន់ ព្រោះមានតែអ៊ុយក្រែនខ្លាំងទេ ទើបគេគោរពនិងស្ដាប់ ទាំងនៅឯសមរភូមិ និងនៅឯតុចរចា។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសផ្ដល់ជំនួយយោធានិងកញ្ចប់ថវិកាជំនួយជិត ៦ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន មុននឹងលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាផ្លូវការ នៅក្នុងខែមករានេះ៕ ដោយ៖ ធីរីណា

រូបថត៖ X


ចែករំលែក៖