ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ មួយថ្ងៃមួយយប់(តចប់)

ចែករំលែក៖

ខ្ញុំអាណិតប្អូនចង់ជួយបំបោសអង្ក្រងចេញពីខ្លួន ប៉ុន្តែខ្ញុំមិនហ៊ានជួយទេ ព្រោះដឹងថាមានឈ្លបម្នាក់កំពុងតែឈរសម្លឹងមកពួកយើងមិនដាក់ភ្នែក។ ម៉ែស្ទុះទៅរកឈ្លបពីរនាក់ដែលអង្គុយនៅលើការអីនិងកំពុងជក់ថ្នាំស្លឹកសង្កែបង្ហុយផ្សែង។ កែវភ្នែកយ៉ាងមុតរបស់ឈ្លបសម្លឹងមកម៉ែដែលកំពុងតែលុតជង្គង់និងលើកដៃសំពះអង្វរ។ ឈ្លបនិយាយប្រាប់ម៉ែថា ការចាប់ប្អូនខ្ញុំចងនេះ គឺជាវិន័យរបស់អង្គការ។ ប៉ុន្តែម៉ែខ្ញុំនៅតែយំទទូចអង្វរថា អារុននៅតូចណាស់មិនទាន់ដឹងអ្វីនោះទេ ហើយម៉ែធានាថានឹងប្រដៅអារុនឱ្យឈប់ប្រព្រឹត្តដូច្នោះទៀត។ វាក្រោកដើរចេញហើយបញ្ជាក់ថា អារុនបានលួចចេកអង្គការចំនួនពីរផ្លែ ដែលនេះជាទង្វើរបស់ខ្មាំង។ ម៉ែនៅតែតាមសំពះអង្វរ ប៉ុន្តែទោះបីជាម៉ែយំអង្វរយ៉ាងណាក៏គ្មានប្រយោជន៍ដែរ។

   មួយសន្ទុះក្រោយមកខ្ញុំបានឃើញប្រធានភូមិដើរមកហៅឈ្លបទាំងពីរចូលក្នុងបន្ទប់។ ខ្ញុំមិនដឹងថាពួកគេជជែកគ្នាអំពីរឿងអ្វីនោះទេ។ ខ្ញុំឃើញឈ្លបចេញមកស្រាយចំណងឲ្យអារុន។ បន្ទាប់ពីឈ្លបស្រាយចំណងរួច អារុនដួលទាំងជំហរ។ ខ្ញុំលូកដៃទៅទ្រអារុន ហើយជួយបំបោសអង្ក្រងចេញពីខ្លួនវា។ ឯម៉ែត្រូវប្រធានភូមិហៅឲ្យចូលក្នុងធ្វើការណែនាំតាមទ្រឹស្ដីរបស់អង្គការ។មួយសន្ទុះធំ។ម៉ែបានដើរចេញមកនាំអារុន និងខ្ញុំទៅផ្ទះ។ ទៅដល់ផ្ទះម៉ែបានដាំទឹកក្តៅយកប្រមាជ្រលក់ពូតឲ្យនៅក្តៅឧណ្ហៗជូតលើខ្លួនអារុនដែលកំពុងតែដេកថ្ងូរ។ ចំណែកខ្ញុំដើរទៅរកបាយសុំបបរឲ្យម៉ែ និងអារុនហូប។ ចុងភៅប្រាប់ខ្ញុំថាហួសពេលបាយហើយ ដូច្នេះគ្មានបបរឲ្យទៀតទេ។ ម៉ែនិងអារុណផឹកទឹកក្តៅជំនួសអាហារ។ ថ្ងៃនេះម៉ែមិនទៅធ្វើការទេ ឯខ្ញុំក៏មិនទៅរោងកុមារដែរ។ ម៉ែអង្គុយក្បែរមាត់បង្អួចសម្លឹងមើលមេឃលាយឡំនឹងទឹកភ្នែកហូរហើយនិយាយតិចៗថា ” ប្ដីសម្លាញ់អូននិងកូនទៅជួបបងក្នុងពេលឆាប់ៗនេះ បងចាំទទួលអូននិងកូនយើងផង” ។ បន្ទាប់ពីឮសំដីម៉ែដូច្នេះខ្ញុំដឹងកាន់តែច្បាស់ថា ពុកពិតជាបានស្លាប់ពិតមែន។ ខ្ញុំស្ទុះទៅឱបម៉ែ ហើយម៉ែសម្លឹងមុខខ្ញុំនិយាយទាំងអួលអាក់ថា ” កូនសម្លាញ់អង្គការចាត់ទុកយើងជាខ្មាំង។ យើងគ្មានសង្ឃឹមអាចរស់បានទេ បន្តិចទៀតយប់នេះឬថ្ងៃស្អែកយើងពិតជាស្លាប់ហើយ។ និយាយរួចម៉ែយំខ្សឹកខ្សួលក្រសោបឱបរូបខ្ញុំក្នុងរង្វង់ដៃ ហើយយើងទាំងបីនាក់យំព្រមគ្នា។ នៅថ្ងៃនោះខ្ញុំគ្មានសង្ឃឹមថានឹងបានរស់ទៀតទេយើងគ្មានអ្វីជាដំណោះស្រាយក្រៅតែពីដេករង់ចាំសេចក្តីស្លាប់តែប៉ុណ្ណោះ។

   នៅពេលដែល រ៉េត រៀបរាប់មកដល់ត្រឹមនេះក៏បានផ្អាកការរៀបរាប់បន្តិច។ គាត់អួលដើមកនិយាយលែងរួច ព្រោះទឹកភ្នែកគាត់ចេះតែស្រក់ចុះមិនឈប់។ចំណែកខ្ញុំដែលជាអ្នកស្ដាប់បានខិតខំចងចាំកត់ត្រាក្នុងអារម្មណ៍អន្ទះអន្ទែងរង់ចាំស្ដាប់បន្តទៀត។ ក្រោយពីលើកពែងតែផឹកបន្តិច រ៉េតបានសម្រួលអារម្មណ៍និយាយទាំងរអាក់រអួលហើយបានសុំទោសរួចគាត់បាននិយាយបញ្ជាក់ថា រាល់ពេលដែលគាត់និយាយដល់រឿងរ៉ាវរបស់គាត់ម្ដងៗ អារម្មណ៍របស់គាត់នៅតែនឹកឃើញរឿងរ៉ាវទាំងអស់ដែលគាត់ធ្លាប់បានឆ្លងកាត់ហាក់បីដូចជាទើបតែកើតឡើងថ្មីៗ។ ឃើញដូច្នេះខ្ញុំក៏ប្រញាប់ប្រញាល់សាកសួររឿងរ៉ាវរបស់រ៉េតបន្ត ព្រោះនៅសល់តែរយៈពេលប្រហែលពីរទៅបីនាទីទៀតទេ រថយន្តក្រុងនិងចេញដំណើរហើយរ៉េតលើកដៃមើលនាឡិកាបន្តិចហាក់យល់សភាពការណ៍ក៏បានរៀបរាប់ប្រាប់បន្តទៀត។

   នៅព្រលប់ថ្ងៃរៀបលិច គ្រួសាររបស់ខ្ញុំគឺដេករង់ចាំសេចក្តីស្លាប់។ពេលនោះអ៊ំស្រីដែលធ្លាប់ជួយកោសខ្យល់ឱ្យម៉ែរបស់ខ្ញុំ និងមីងម្នាក់ទៀតបានមកដល់ខ្ទមខ្ញុំដែលនៅនឹងដៃរបស់គាត់មានកាន់ឆ្នាំងបបរមកជាមួយផង។ ម៉ែលើកដៃសំពះអរគុណពួកគាត់។ គាត់ញញឹមតបមកវិញហើយបានដាក់ឆ្នាំងបបរពីមុខយើង ព្រមទាំងមានត្រីងៀតបីកន្ទុយដែរ។ ខ្ញុំស្រក់ទឹកមាត់ព្រោះឈ្ងុយត្រីងៀត។ចំណែកអារុន ស្ទុះក្រោកទាំងកំពុងឈឺ ប៉ុន្តែម៉ែមិនសប្បាយចិត្តទេ ព្រោះគាត់យល់ថានេះជាម្ហូបអាហារចុងក្រោយមុនពេលដែលគាត់ស្លាប់។ អ៊ំស្រីបានប្រាប់ថា គាត់ត្រូវបានខ្មែរក្រហមចាត់តាំងមកធ្វើជាប្រធានចុងភៅថ្មីជំនួសមេចុងភៅមុន។ មេភូមិមេឃុំមេកង ត្រូវអង្គការផ្លាស់ប្ដូរទាំងអស់ដែរ។ អ៊ំបានប្រាប់ម៉ែរបស់ខ្ញុំទៀតថា ឲ្យខំហូបទៅ ស្អែកចូលធ្វើការវិញបញ្ជីខ្មាំងរបស់គ្រួសារយើងនឹងត្រូវលប់ទាំងអស់។

   ក្រោយមកទើបខ្ញុំដឹងថា អង្គការបានចាត់តាំងក្រុមខ្មែរក្រហមពីភូមិភាគនិរតីមកចាត់ចែងជំនួសភូមិភាគទាំងអស់ក្រោយពីសភាពការណ៍បានកើតឡើងនៅក្នុងភូមិភាគបូព៌ា។ អ្នកដែលត្រូវខ្មែរក្រហមផ្លាស់ប្ដូរត្រូវអង្គការកម្ទេចចោលដោយចោទថាក្បត់អង្គការ និងមិនធ្វើតាមទិសដៅរបស់អង្គការ។ ទោះបីជាខ្មែរក្រហមមកពីភូមិភាគនិរតីចូលមកគ្រប់គ្រងក៏ដោយ ក៏ក្រុមគ្រួសាររបស់ខ្ញុំរស់នៅលំបាកធ្វើការហត់នឿយ និងហូបបបររាវដដែល។ ពួកយើងមិនទាន់រួចផុតពីការតាមដាននោះទេ។ គ្រួសាររបស់ខ្ញុំត្រូវចុះបញ្ជីជាប្រជាជនដែលក្បត់អង្គការជាថ្មី។ គ្រួសាររបស់ខ្ញុំក៏ដូចជាប្រជាជនទូទាំងប្រទេសបានរស់មកដល់សព្វថ្ងៃដោយសារកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិដែលមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាមនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។

ស្នូរស៊ីផ្លេរថយន្តក្រុងបន្លឺឡើងដែលជាសញ្ញាប្រាប់ថាយើងត្រូវធ្វើដំណើរទៅមុខទៀត ក្រោយពីសម្រាកនៅអាហារដ្ឋានស្គន់តាមផ្លូវជាតិលេខ៦រយៈពេលខ្លី។

   រ៉េត ក្រោកឡើងលើកដៃសំពះលាខ្ញុំ និងនិយាយបន្ថែមទៀតថា ខ្ញុំធ្វើជាកងទ័ពប្រយុទ្ធក្នុងសមរភូមិពីឆ្នាំ១៩៨៩ ដល់ ១៩៩៥ ។ ខ្ញុំត្រូវរបួសពិការក៏ខ្ញុំមិនអាចសងគុណអស់ចំពោះអ្នកដែលបានជួយខ្ញុំពីរបបខ្មែរក្រហមបានដែរ។

   ស្នូរស៊ីផ្លេរថយន្តក្រុងជាលើកទី ២ បានបន្លឺឡើង។ រ៉េត ប្រញាប់ដើរសំដៅឡើងរថយន្តហើយឆ្លៀតងាកមកប្រាប់ខ្ញុំថា ជីវិតរបស់គាត់១.៣៥៥ថ្ងៃ ក្នុងជំនាន់ប៉ុលពត វេទនាស្ទើរស្លាប់ស្ទើររស់។ គាត់ចាំមិនអស់ទេ។ អ្វីដែលគាត់ចងចាំជាងគេគឺ “ជីវិតមួយថ្ងៃ មួយយប់” នេះឯង។ ខ្ញុំឈរសម្លឹងរថយន្តក្រុងដែលបរសន្សឹមៗចេញពីអាហារដ្ឋានឆ្ពោះទៅទិសខាងកើតទឹកដីក្រុងកំពង់ចាម៕ (ចប់ដោយបរិបូណ៌)


ចែករំលែក៖