ព័ត៌មានទាន់ហេតុការណ៍៖

update÷មេខ្លោងស្តេមអនឡាញ ៣ នាក់ត្រូវបានបញ្ជូនទៅតុលាការ ចំណែកជនបរទេស ២៥៩ នាក់ទៀត ត្រូវបណ្តេញចេញពីកម្ពុជា

ចែករំលែក៖

ខេត្តមណ្ឌលគិរី  ៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត មណ្ឌលគិរី បានបើកប្រតិបត្តិការបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញមួយកន្លែង កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដោយរកឃើញការប្រព្រឹត្តបទល្មើសយ៉ាង សកម្ម។

ទីតាំងអគារពាណិជ្ជកម្មចិន (ក្រុមហ៊ុន មុងទ័រជាលី សេងមៅឆេង) ក្នុងក្រុងសែនមនោរម្យ។មនុស្សដែលត្រូវបានឃាត់ខ្លួន ២៦២ នាក់ (ស្រី ៤៧ នាក់) មាន ៩ សញ្ជាតិ ក្នុងនោះមាន ចិន ១៣៥ នាក់ និងថៃ ៥៨ នាក់។វត្ថុតាងចាប់យក កុំព្យូទ័រ ៤២០ គ្រឿង និងទូរសព្ទដៃ ១,៤៥០ គ្រឿង។

ប្រភពថា ករណីនេះគឺបោកប្រាស់លក់ទំនិញអនឡាញ និងវិនិយោគ Crypto ក្លែងក្លាយ ក្នុងគោលដៅទៅកាន់ប្រទេសថៃ និងសហរដ្ឋអាមេរិក។ ជនជាតិថៃខ្លះត្រូវបានចាញ់បោកតាមរយៈការសន្យាផ្តល់ប្រាក់ខែខ្ពស់ រួចបង្ខំឱ្យធ្វើការងារឆបោកនេះ។

ប្រភពព័ត៌មានថា មេខ្លោង ៣ នាក់ (ចិន ២, មីយ៉ាន់ម៉ា ១) ត្រូវបានបញ្ជូនទៅតុលាការ ចំណែកជនបរទេស ២៥៩ នាក់ទៀត ត្រូវបញ្ជូនទៅបណ្តេញចេញពីកម្ពុជា។

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានក្រើនរំលឹកថា «ច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»ទើបចូលជាធរមាន (៧ មេសា ២០២៦) ដែលមានទោសទណ្ឌធ្ងន់ធ្ងរ រហូតដល់ “ដាក់ពន្ធនាគារអស់មួយជីវិត”។ ម្ចាស់អគារទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវជួលទីតាំងឱ្យក្រុមឧក្រិដ្ឋជនឡើយ៕


ចែករំលែក៖