ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបាទីបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូទ័រកាត់ស្មៅនិងសម្ភារៈមួយចំនួនទៀត

ចែករំលែក៖

ខេត្តតាកែវ÷មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទីឲ្យដឹងនៅថ្ងៃទី១៤ខែមេសា នេះថា នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូទ័រកាត់ស្មៅនិងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងមានសមត្ថកិច្ច ឃាត់ខ្លួនកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់។

ប្រភពពីមន្ត្រីនគរបាលស្រុកបាទីឲ្យដឹងថា នៅថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង ៣០នាទី មានករណីអំពើលួច (លួចម៉ាស៊ីនកាត់ស្មៅ និងម៉ូទ័រ) កើតឡើងនៅភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ ករណីនេះបង្កឡើងដោយជន សង្ស័យឈ្មោះ ហួត ថុន ភេទប្រុស អាយុ ៤១ ឆ្នាំ មុខ របរមិនពិតប្រាកដ និង មានទីលំនៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន)។

ជនសង្ស័យបានធ្វើសកម្មភាពចូលលួចសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ លាង សុវណ្ណនីម ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរលក់ឪឡឹក មានទីលំនៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ រួមមាន៖

១/. ម៉ាស៊ីនកាត់ស្មៅ ចំនួន ០១ គ្រឿង

២/. ម៉ូទ័រកាត់ដែក ចំនួន ០១ គ្រឿង

៣/. ម៉ូទ័រស្វានប្រើថ្ម ចំនួន ០១ គ្រឿង

សកម្មភាពនេះបានកើតឡើងនៅពេលដែលជនរងគ្រោះ និងក្រុមគ្រួសារ ចាកចេញពីផ្ទះទៅរកស៊ីលក់ដូរ ដោយពុំមានអ្នកនៅចាំផ្ទះ។ ក្រោយពេលធ្វើសកម្មភាពលួចបាន សម្រេច ជនសង្ស័យបានយកសម្ភារៈខាងលើ រត់គេចខ្លួនទៅផ្ទះរបស់ខ្លួន។

បន្ទាប់ពីទទួលពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យជាក់ស្តែង សាកសួរ និងប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ ព្រមទាំងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើស ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងការសម្របសម្រួលនីតិវិធីពីលោក លឹម ហ៊ន ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ព្រម ទាំងការដឹកនាំបញ្ជាពី លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦វេលាម៉ោង១០និង០០ នាទី កម្លាំង នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានសហការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហួត ថុន ភេទប្រុស អាយុ ៤១ ឆ្នាំ។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖,ម៉ាស៊ីនកាត់ស្មៅ ចំនួន០១គ្រឿង,ម៉ូទ័រកាត់ដែក ចំនួន ០១ គ្រឿង, ម៉ូទ័រស្វានប្រើថ្ម ចំនួន ០១ គ្រឿង និងនាំយកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ហួត ថុន ឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចម៉ាស៊ីនកាត់ស្មៅ និងម៉ូទ័រ នៅផ្ទះឈ្មោះ លាង សុវណ្ណនីម ពិត ប្រាកដមែន។ ក្រោយពេលលួចបាន ខ្លួនពុំទាន់បានយកទៅលក់នោះទេ ដោយបានយកម៉ូទ័រកាត់ដែក១ គ្រឿង និងម៉ូទ័រស្វាន ១គ្រឿង ទៅលាក់នៅផ្ទះម្តាយរបស់ខ្លួន ខណៈម៉ាស៊ីនកាត់ស្មៅ ត្រូវបានលាក់ទុកនៅ ផ្ទះរបស់ខ្លួន។

ដោយមានបញ្ជាពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ អនុញ្ញាតឲ្យកម្លាំងនគរបាលយុត្តិធម៌ ប្រគល់វត្ថុតាងទាំងអស់ជូនទៅជនរងគ្រោះវិញ ដើម្បីប្រើប្រាស់តាមតម្រូវការ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕


ចែករំលែក៖