ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកគងពិសីឃាត់ខ្លួនប្ដីកំណាចក្រោយទាញចបជីកវាយប្រពន្ធនិងកាន់កាំបិតផ្គាក់គំរាមរកសម្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសជាប្ដីចិត្តកំណាចម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ធ្វើការឃាត់ខ្លួនខណៈដែលទាស់ពាក្យសម្ដីជាមួយប្រពន្ធតិចតួចក៏ទាញចបជីកវាយប្រពន្ធបែកក្បាល និងស្ទុះទៅយកកាំបិតផ្គាក់គំរាមរកសម្លាប់ប្រពន្ធថែមទៀតផង។ ដោយទ្រាំនឹងទង្វើរបស់ប្ដីលែងបាន ស្ត្រីជាប្រពន្ធក៏ដាក់ពាក្យប្ដឹងឱ្យសមត្ថកិច្ចឃាត់ខ្លួនប្តីតែម្ដង។

ករណីហិង្សាប្ដីចិត្តកំណាចវាយប្រពន្ធបែកក្បាល និងគំរាមរកសម្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង០៥នាទីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិក្រាំងឡង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកគងពិសីបានឱ្យដឹងថា មានករណីហិង្សាក្នុងគ្រួសារបង្កឡើងដោយឈ្មោះ អេង ទី ភេទប្រុស អាយុ៣១ឆ្នាំ (ជាប្តី) រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បានរករឿងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធឈ្មោះ

ឆយ ខែម អាយុ៤៩ឆ្នាំ និងបានវាយប្រតាយប្រតប់គ្នា ហើយជនសង្ស័យជាប្តីបានយកចបជីកដងដែកវាយទៅលើជនរងគ្រោះជាប្រពន្ធចំក្បាលមួយចបជីកបណ្ដាលឲ្យបែកក្បាល ។

បន្ទាប់មក វាយចំជើងមួយចបជីកទៀតបណ្ដាលឲ្យហើម រងរបួសធ្ងន់ ហើយជនសង្ស័យបានស្ទុះទៅយកកាំបិតផ្គាក់កាន់នៅនឹងដៃគំរាមថានឹងសម្លាប់ប្រពន្ធចោលថែមទៀតផង ។ ភ្លាមៗនោះសាច់ញាតិក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយទទួលបានព័ត៌មាន និងពាក្យបណ្តឹងរួច កម្លាំងនគរបាលជំនាញស្រុកគងពិសី សហការជាមួយកម្លាំង

ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជង្រុក ឃាត់ខ្លួនជនសង្ស័យជាប្តីយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ ។ នគរបាលស្រុកគងពិសីបានបន្តថា កន្លងមក ជនសង្ស័យដៃដល់ជាប្តី តែងតែរករឿងឈ្លោះប្រកែកគ្នានិងប្រើអំពើហិង្សាទៅលើប្រពន្ធជាញឹកញាប់ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ ។

បច្ចុប្បន្ន បុរសជាប្តីកំណាច

(ជនសង្ស័យ)ត្រូវបានឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកគងពិសី និងកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕


ចែករំលែក៖