ព័ត៌មានទាន់ហេតុការណ៍៖

អាកាសធាតុមិនល្អវាយលុកផ្នែកខ្លះនៃចក្រភពអង់គ្លេស ចំរដូវកាលប្រារព្ធបុណ្យឆ្លងឆ្នាំសកល

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានផ្សាយថា អាកាសធាតុមិនល្អ មុនថ្ងៃចូលឆ្នាំសកលមកដល់ បានវាយលុកផ្នែកខ្លះនៃចក្រភពអង់គ្លេស ខណៈអ្នករៀបចំកម្មវិធីឆ្លងឆ្នាំ នៅវិថី Hogmanay នៃរដ្ឋធានី Edinburgh ប្រទេស Scotland បានលុបចោលព្រឹត្តិការណ៍របស់ខ្លួន ក្រោមហេតុផលសុវត្ថិភាពសាធារណៈ។
កម្មវិធីឆ្លងឆ្នាំសកលនៅរដ្ឋធានី Edinburgh មានការចាប់ឆ្នោតផ្សងសំណាងយកកញ្ចប់ទេសចរណ៍ដ៏ធំ ហើយបានទាក់ទាញមនុស្សប្រហែល ៣០,០០០នាក់កាលពីឆ្នាំមុន ជាមួយនិងការបាញ់កាំជ្រួច ក៏ដូចជាការប្រគំតន្ត្រីផងដែរ។ ប៉ុន្តែឆ្នាំនេះ អ្នករៀបចំកម្មវិធីនិយាយថា វាមិនសុវត្ថិភាពទេក្នុងការរៀបចំព្រឹត្តិការណ៍ដែលគ្រោងទុកសម្រាប់ថ្ងៃចន្ទ និងថ្ងៃចូលឆ្នាំសកលនៅថ្ងៃអង្គារ ដោយសារតែ «ខ្យល់បក់ខ្លាំង និងអាកាសធាតុមិនល្អ»។
ក្រមប្រឹក្សាក្នុងតំបន់និយាយថា ការបាញ់កាំជ្រួចឆ្នាំថ្មីដែលគ្រោងទុក នៅក្នុងទីក្រុងរមណីយដ្ឋានវិស្សមកាល Blackpool ភាគពាយ័ព្យប្រទេសអង់គ្លេស ក៏ត្រូវលុបចោលដែរ ដោយសារតែការព្យាករអំពីខ្យល់បក់ខ្លាំង។ ទីភ្នាក់ងារការពារបរិស្ថាន Sepa របស់ Scotland បានចេញការព្រមានដ៏កម្រអំពីទឹកជំនន់ធ្ងន់ធ្ងរមានគ្រោះថ្នាក់ដល់ជីវិត សម្រាប់ផ្នែកខ្លះនៃប្រទេស។ ជាមួយគ្នានេះ ការិយាល័យ Met Office របស់ចក្រភពអង់គ្លេសបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បក់ខ្លាំងអាចកើតមាននៅផ្នែកខ្លះនៃប្រទេស Scotland អៀរឡង់ខាងជើង រួមទាំងភាគខាងជើងនៃប្រទេសអង់គ្លេស។ ការធ្លាក់ព្រិលក៏ត្រូវបានព្យាករផងដែរ សម្រាប់ផ្នែកខ្លះនៃប្រទេស Scotland៕ ដោយ៖ ធីរីណា

រូបថត​៖ baomoi


ចែករំលែក៖