ព័ត៌មានទាន់ហេតុការណ៍៖

សម្រេចចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថាតំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០២ នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចខាងមុខរោងចក្រដើមស្រល់ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ មាត្រា ៤១០ និង មាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើង០១ក្រុម មានគ្នាចំនួន០៥នាក់ បានធ្វើសកម្មភាព ជិះម៉ូតូដេញតាមវាយជនរងគ្រោះម្នាក់ ដោយបានប្រើប្រាស់មួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះត្រូវចំខ្នង និងបានជិះម៉ូតូ មកកៀរម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យដួលនៅចំណុចខាងមុខរោងចក្រដើមស្រល់ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០២និង ៣០នាទី ទៀបភ្លឺ រួចក្រុមក្មេងទំនើងខាងលើក៏បានដោះខ្សែក្រវាត់ដេញវាយជនរងគ្រោះ និងបាននាំគ្នារើសយកដុំឥដ្ឋដែលនៅជិតនោះ រត់ដេញ គប់ និងដេញវាយលើជនរងគ្រោះតែមិនត្រូវ ទើបក្មេងទំនើងទាំង ០៥នាក់ខាងលើ បាននាំគ្នាយកដុំឥដ្ឋវាយទៅលើម៉ូតូ ជនរងគ្រោះ ស្របពេលនោះក៏កម្លាំងសមត្ថកិច្ចដែលកំពុងជិះល្បាតក្នុងមូលដ្ឋានបានឃើញទាន់ ក៏ធ្វើការឃាត់ខ្លួនបានជន សង្ស័យចំនួន ០២ នាក់ឈ្មោះ ផាន កក្កដា ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ វ៉ន ពុទ្ធារៈ ភេទប្រុស អាយុ១៨ឆ្នាំ រួមទាំងវត្ថុ តាង ដុំឥដ្ឋចំនួន ០១ដុំ ខ្សែក្រវាត់ចំនួន ០១ខ្សែ មួកសុវត្ថិភាពចំនួន ០១។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០២ នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចខាងមុខរោងចក្រដើមស្រល់ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ មាត្រា ៤១០ និង មាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖