ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថាតំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង០៩នាក់ខាងលើ និង បក្ខពួក ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ និងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ២១៨ មាត្រា ៤១០ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើង០៤ក្រុម មានក្រុមកាហ្វេកែងចិន (CKI) និងក្រុមវត្តក្នុង (WK) ដែលធ្លាប់បានធ្វើសកម្មភាពប្រើប្រាស់កាំបិតប៉័ងតោ ដេញកាប់ជនរងគ្រោះនិងកាប់បំផ្លាញម៉ូតូ ចំនួន០១កាំបិត ព្រមទាំងកាប់យកស្លាកលេខម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៣ ចំនួន ០១ គ្រឿង នៅចំណុចភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២។ ក្រោយមកនៅថ្ងៃទី១៦ ថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមកាហ្វេកែងចិន (CKI) និង ក្រុមមនុស្សតូចៗ (MTT) ប្រដាប់ដោយដាវ កាំបិតប៉័ងតោ ដំបង និងដុំថ្ម បានធ្វើសកម្មភាពវាយ កាប់ និងគប់គ្នាទៅវិញទៅមក តាមដងផ្លូវសាធារណៈ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញជាបន្តបន្ទាប់ចំនួន០៣ ករណី។ លុះក្រោយមកទៀតក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមកាហ្វេកែងចិន (CKJ) មានគ្នាចំនួន១៦នាក់ក៏បានជិះម៉ូតូ០៨គ្រឿង ប្រដាប់ដោយដុំថ្ម កាំបិត ដាវ និងដំបង បានទៅរកក្រុមក្មេងទំនើងមួយក្រុម ឈ្មោះក្រុមចានហោះ (JH) និង បានធ្វើសកម្មភាពកាប់គ្នាទៅវិញទៅមក នៅចំណុចភូមិចាម សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្តាលឱ្យសមាជិកក្រុមចានហោះ(JH) រងរបួសចំកដៃ និងគ្នីគ្នាផ្សេងទៀតរងរបួសដូចគ្នា។ រហូតមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចក៏បានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យជាក្រុមក្មេងទំនើងចំនួន ០៤ ក្រុម មានក្រុមកាហ្វេកែងចិន (CKI) ក្រុមវត្តក្នុង(WK) ក្រុមមនុស្សតូចៗ(MTT) និងក្រុមចានហោះ (JH) ជាបន្តបន្ទាប់បានសរុបចំនួន០៩នាក់ មាន ១-ឈ្មោះ ធី សំណាង ២-ឈ្មោះ សេង សុខវិច្ឆិកា ៣- ឈ្មោះ គឹម ហ៊ុយម៉ឺង ៤-ឈ្មោះ នេត រតនា ៥-ឈ្មោះ សុវណ្ណ តារា ៦-ឈ្មោះ ជួប សំណាង ៧-ឈ្មោះ ផល្លី សុជាតិ ៨-ឈ្មោះ អៀប រតនៈ ភួល ៩-ឈ្មោះ នី អាប់ឌុលអាស៊ីក ហៅ ZY ZO។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួលនិងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៩ នាក់ខាងលើនិងបក្ខពួកពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិសាស្ត្រ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ និងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ២១៨ មាត្រា ៤១០ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ៕
ដោយ ៖ រ៉ារ៉ា