ព័ត៌មានទាន់ហេតុការណ៍៖

ហ្វេសប៊ុកអនាមិកឈ្មោះ Lavy យករឿងចាស់មកបង្ហោះ ធ្វើអោយតែសមត្ថកិច្ច រវល់ និងឈឺក្បាល ! ក្នុងចេតនាបង្កអសន្តិសុខសង្គម និងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ នេះជាសេចក្ដីបំភ្លឺ របស់ ក្រុមប្រតិកម្មរហ័សរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយបញ្ជាក់ថា៖  ជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិត លើហ្វេសប៊ុកអនាមិកឈ្មោះ Lavy កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានបង្ហោះវីដេអូកាត់ត ដាក់ចំណងជើងថា «វគ្គទី០១ វ័នករហើយសមត្ថកិច្ច បន្ទប់ក៥ ចុច ចុច ធ្វើប៉ះចំខ្សែអ្នកព័ត៌មាន ប្រមូលភស្តុតាង បានសូមស្តាប់សម្លេងគ្រួសាររងគ្រោះកាលពីកន្លងទៅ……..០១»។ 

ក្រុមប្រតិកម្មរហ័សរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានកិត្តិយសសូមជម្រាប ជូនសាធារណជនមេត្តាជ្រាបថា វីដេអូដែលហ្វេសប៊ុកឈ្មោះ Lavy បង្ហោះនេះ គឺជាវីដេអូចាស់ ដែលធ្លាប់ផ្សព្វផ្សាយដោយហ្វេសប៊ុកឈ្មោះ TMN កាលពីដើមខែសីហា ឆ្នាំ២០២៣កន្លងទៅ ហើយទើបត្រូវបានហ្វេសប៊ុកអនាមិកឈ្មោះ Lavy នេះ យកមកបង្ហោះជាថ្មី ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ក្នុងចេតនាបង្កអសន្តិសុខសង្គម និងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច។

ក្រុមប្រតិកម្មរហ័សរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមច្រានចោលទាំងស្រុង នូវព័ត៌មានប្រឌិតបែបមួលបង្កាច់ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ដែលបង្កើតឱ្យមានការយល់ច្រឡំ មកលើសមត្ថកិច្ចអនុត្តន៍ច្បាប់ ក្នុងចេតនាបង្កឱ្យមានអសន្តិសុខ ក្នុងសង្គមជាតិ។

ដើម្បីបំបាត់នូវការយល់ច្រឡំនេះ ក្រុមប្រតិកម្មរហ័សរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លើកយកនូវសេចក្តីបំភ្លឺដែលធ្លាប់បំភ្លឺទៅកាន់ហ្វេសប៊ុកឈ្មោះ TMN កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ មកជម្រាបជូនដូចខាងក្រោម៖ 

១-នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានព័ត៌មាន និងសំណូមពរពីប្រជាពលរដ្ឋ ស្ដីពីការលក់ចែកចាយគ្រឿងញៀន យ៉ាងអនាធិបតេយ្យនៅម្ដុំសាលារៀនប្ញស្សីកែវ ក្រុមជំនាញ (ក៥) របស់មន្ទីរបានចុះទៅស្រាវជ្រាវបង្ក្រាប ពេលចុះទៅពួកជនល្មើសរត់ប្រសេចប្រសាច ឃាត់បានតែយុវជន០២រូប នាំយកមកមន្ទីរដើម្បីសាកសួរ ។

ក្រោយពេលសាកសួរឃើញថា យុវជនទាំង ០២រូបពិតជាបានប្រើប្រាស់គ្រឿងញៀន ជាពិសេសប្រើប្រាស់បារីអេឡិចត្រូនិក។ សមត្ថកិច្ចបានឃាត់ពន្យល់អប់រំ ស្ដីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការប្រើប្រាស់ បារីអេឡិចត្រូនិក ដែលពួកគាត់យល់ច្រឡំថាមិនខុសច្បាប់។ បន្តមកមន្ទីរបានអញ្ជើញអាណាព្យាបាលមកធានាយកទៅអប់រំ និងយកទៅបន្សាបព្យាបាល តាមសហគមន៍វិញតាមនីតិវិធី។

២- ចំពោះរូបភាព និងសម្លេងកាត់តបញ្ចូលក្នុងការផ្សាយនេះ មិនពាក់ព័ន្ធដល់កិច្ចប្រតិបត្តិការរបស់មន្ទីរទេ ដែលជាចេតនាទុច្ចរិតរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ TMN ក្នុងបំណងបំភ័ន្តមតិមហាជន បង្ខូចកិត្តិយសរបស់សមត្ថកិច្ច និងការពារជនល្មើសតែប៉ុណ្ណោះ។

៣៖ ម្ចាស់ហ្វេសប៊ុកឈ្មោះ TMN គប្បីពិចារណា តាមសីលធម៌ វិជ្ជាជីវៈ និងត្រូវកែតម្រូវឡើងវិញ នូវការផ្សាយរបស់ខ្លួន។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រីករាយ រង់ចាំជួបម្ចាស់ហ្វេសប៊ុក និងថ្លែងអំណរគុណដល់សាធារណជនពីគ្រប់មជ្ឈដ្ឋាន ដែលតែងតែបានចូលរួម កែលំអ និងសហការ ក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ដែលសមស្របនឹងទិសស្លោក «៣កុំ ១រាយការណ៍»៕

ដោយ ៖ សហការី


ចែករំលែក៖