ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការថា ៖ ក្រៅពីការគិតគូរនិងផ្តល់កិច្ចគាំពារដល់មន្ត្រី, ក្រសួងព័ត៌មានបានគិតគូរដល់បងប្អូនអ្នកសារព័ត៌មានផងដែរ និងក៏ដើម្បីលើកស្ទួយកិច្ចគាំពារសុខុមាលភាព និងកាត់បន្ថយការចំណាយរបស់បងប្អូនអ្នកសារព័ត៌មាននិងក្រុមគ្រួសារ, ក្រសួងព័ត៌មានបានចុះអនុស្សរណៈនៃការយោគយល់ជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក (Biomedic) ដោយក្នុងនោះ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក យល់ព្រមធ្វើការផ្តល់នូវការបញ្ចុះតម្លៃពិសេសទៅលើថ្លៃសេវាកម្មដូចខាងក្រោម (លើកលែងតែការចាក់វ៉ាក់សាំងការពារ) ជូនអ្នកសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន៖
• បញ្ចុះតម្លៃ ៣០% លើរាល់ការធ្វើតេស្តផ្នែកមន្ទីរពិសោធន៍ (ពិនិត្យឈាម លាមក ទឹកនោម ។ល។)
• បញ្ចុះតម្លៃ ៣០% លើរាល់ការវិភាគផ្នែករូបភាពវេជ្ជសាស្ត្រទូទៅ (CT ស្កេន ថត X-Ray ពិនិត្យអេកូសាស្រ្ត ។ល។)
• បញ្ចុះតម្លៃ ៣០% ចំពោះការធ្វើស្កេន MRI ម្តង។ ការបញ្ចុះតម្លៃពិសេសនេះ នឹងធ្វើការផ្តល់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ បុគ្គលិកជាប់កិច្ចសន្យារបស់ក្រសួង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអ្នកសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ព្រមទាំងសមាជិកក្រុមគ្រួសារផ្ទាល់របស់ពួកគេ ដែលរួមមាន ឪពុក ម្តាយ សហព័ទ្ធ និងកូនក្នុងបន្ទុក។
ដើម្បីទទួលបាននូវអត្ថប្រយោជន៍ខាងលើ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ បុគ្គលិកជាប់កិច្ចសន្យារបស់ក្រសួង និងអ្នកសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន គ្រាន់តែធ្វើការបង្ហាញនូវឯកសារបញ្ជាក់នូវអត្តសញ្ញាណរបស់ខ្លួនជាមន្ត្រីរាជការដែលបម្រើការងារនៅក្រសួងព័ត៌មាន ឬជាអ្នកសារព័ត៌មានដែលមានបណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន។ ចំពោះសមាជិកក្រុមគ្រួសាររបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ បុគ្គលិកជាប់កិច្ចសន្យារបស់ក្រសួង ឬអ្នកសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ពួកគេគ្រាន់តែធ្វើការបង្ហាញនូវឯកសារពាក់ព័ន្ធ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច (ឧទាហរណ៍ដូចជា សៀវភៅគ្រួសារ ប័ណ្ណស្នាក់នៅ ឬសំបុត្របញ្ជាក់កំណើត) ដោយភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់នូវអត្តសញ្ញាណរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ បុគ្គលិកជាប់កិច្ចសន្យាបម្រើការងារនៅក្រសួងព័ត៌មាន ឬអ្នកសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន។
មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក មានចុះបញ្ជីក្រសួងសុខាភិបាលលេខ ១០៧/២២ អបស/មព ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ និងមានអាសយដ្ឋានចុះបញ្ជីនៅផ្ទះ#៥៥ ផ្លូវ៥៦៦ ភូមិ១០ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ចំណាំ៖ ការបញ្ចុះតំលៃនេះ នឹងអនុវត្តបានចំពោះតែអ្នក ដែលមកពិនិត្យផ្ទាល់នៅ មជ្ឈមណ្ឌលរោគវិនិច្ឆយ័ ប៊ីយ៉ូម៉េឌីកតែប៉ុណ្ណោះ។ ចំពោះអ្នកដែលមានវេជ្ជបញ្ជាពីគ្រូពេទ្យខាងក្រៅឱ្យមកពិនិត្យ នឹងមិនមានការបញ្ចុះតម្លៃជូនទេ ៕
ដោយ ៖ សហការី