ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មន្ត្រីនគរបាលខេត្តសៀមរាប ដោយសូមមិនបញ្ចេញឈ្មោះបញ្ជាក់ថា ៖ ពិតជាមានហេតុការណ៍ផ្ទុះអាវុធមែន គឺផ្ទុះនៅក្រុងសៀមរាប និងផ្ទុះនៅស្រុកពួក ខេត្តសៀមរាប ។
សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានចាប់ឃាត់ខ្លួនមនុស្សចំនួន៦នាក់ និងដកហូតរថយន្តចំនួន២គ្រឿង បន្ទាប់ពីអ្នកទាំងនោះត្រូវសង្ស័យជាប់ពាក់ព័ន្ធករណីបាញ់បោះនៅក្រុងសៀមរាប និងស្រុកពួក ខេត្តសៀមរាប ។ បញ្ហានេះឃើញមាន គេហទំព័រ និងផេកទូរទស្សន៍ក្នុងស្រុកបានបង្ហោះផងដែរ ភ្ជាប់ជាមួយរូបថតជនសង្ស័យ។ មន្ត្រីនគរបាលដដែលបន្តថា ៖ ករណីនេះ សមត្ថកិច្ចនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលស្រុកពួកបានឃាត់ខ្លួនមនុស្សចំនួន៦នាក់ និងដកហូតរថយន្តចំនួន២គ្រឿង។ សារព័ត៌មានក្នុងស្រុកប្រចាំខេត្តសៀមរាប បានលើកថា, ចំណែកអធិការស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន មិនអាចផ្ដល់ព័ត៌មានលម្អិតបានទេ ចំពោះករណីនេះ ដោយបង្វែរសំណួរសួរទៅស្នងការនគរបាលខេត្តសៀមរាប។ មិនទាន់ទទួលបានការបញ្ជាក់ពីនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប នៅឡើយទេចំពោះហេតុការណ៍នេះ។ បើតាមព័ត៌មានបឋម ហេតុការណ៍បានកើតឡើងនៅនៅម៉ោង ជាង៨យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្បែរស្ពាននាគ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។ បើតាមព័ត៌មាន បន្ទាប់ពីកើតហេតុនៅក្បែរស្ពាននាគ រថយន្តជនសង្ស័យបានបើករត់ទៅស្រុកពួក ទើបសមត្ថកិច្ចនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលស្រុកពួក ឃាត់បានតែម្ដង។ រថយន្តដែលឃាត់ ទាំង២គ្រឿង ទី ១.ម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-1456 ទី ២. រថយន្តម៉ាក កាមរី បាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AC-1031។ បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង សមត្ថកិច្ច ឃាត់ខ្លួនននាំយកទៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីអនុវត្តន៍តាមនីតិវិធី។
សម័យនេះកុំខ្លាំង គេចមិនផុតពីការប្រមាញ់របស់ សមត្ថកិច្ចឡើយ។ ចំពោះព័ត៌មានលម្អិត យើងរងចាំការបញ្ជាក់ពីសមត្ថកិច្ច ទើបយកជាផ្លូវការច្បាស់ តើការបាញ់នេះផ្តើមដោយបញ្ហាអ្វី ? ៕
ដោយ ៖ សហការី