ខេត្តកំពង់ឆ្នាំង ៖ មន្រ្តីបច្ចេកទេស ការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ នៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានបន្តចុះសិក្សាស្រាវជ្រាវ អំពី ការវាយតម្លៃលើការធ្វេីអាជីវកម្មត្រី ត្រីនុយ វារីវប្បកម្ម និងចរន្តទីផ្សារច្រកចេញចូលនៅខេត្តកំពង់ឆ្នាំង ។
សូមបញ្ជាក់ថា៖ នៅថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារមន្រ្តីនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ដឹកនាំដោយលោក ព្រហ្ម សុគំនិត អនុប្រធានការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ បានបន្តចុះសិក្សាការ អំពី ការវាយតម្លៃលើការធ្វើអាជីវកម្មត្រី ត្រីនុយ វារីវប្បកម្ម និងចរន្តទីផ្សារច្រកចេញ-ចូល ស្ថិតនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ និងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ការចុះសិក្សានេះ ក្រុមការងារស្រាវជ្រាវ បានធ្វើការជាមួយ ៖
១. ជួបសម្ភាសជាមួយអាជ្ញាធរដែនដី និងវារីវប្បករ
២. ជួបសម្ភាសជាមួយប្រជានេសាទ និងអាជីវករទិញ-លក់ត្រី
៣. ដឹងពីបរិមាណនៃការធ្វើអាជីវកម្មត្រី ត្រីនុយ និងតម្លៃ។
ជាមួយនឹងសកម្មភាពនេះផងដែរក្រុមការងារចុះសិក្សានៅតំបន់ពាក់ព័ន្ធខាងលើ ជាលទ្ធផលឃើញថា ៖
ទី១. ការធ្វើអាជីវកម្មត្រីមានចំនួន ២ ច្រក (ច្រកផ្សារឆ្នាំង និងឆ្នុកទ្រូ) បរិមាណត្រីនៅច្រកផ្សារឆ្នាំងមានជាមធ្យមប្រមាណ ២តោន/ថ្ងៃ និងត្រីនុយជាមធ្យម ៣តោន/ថ្ងៃ និងច្រកឆ្នុកទ្រូត្រីមានជាមធ្យមប្រមាណ ៤តោន/ថ្ងៃ និងត្រីនុយជាមធ្យម ៧តោន/ថ្ងៃ ។
ទី២. ការធ្វើអាជីវកម្មត្រី និងត្រីនុយ ប្រជានេសាទប្រើប្រាស់ឧបករណ៍នេសាទ មងរាយ បរ សម្រាស់ ឡើរ ឆ្នុកអំពូល លបម៉ាឡេ….។
ទី៣. តម្លៃត្រីសម្រាប់បរិភោគមានតម្លៃ
– ត្រីលេខ១ចន្លោះពី : ១២.០០០-៤០.០០០ រៀល/គីឡូក្រាម
– ត្រីលេខ២ : ៦.០០០-១០.០០០ រៀល/គីឡូក្រាម
– ត្រីលេខ៣ : ៣.០០០-៥.០០០ រៀល/គីឡូក្រាម
– តម្លៃត្រីនុយ ចន្លោះពី: ១.០០០-១.២០០ រៀល/គីឡូក្រាម ។
ទី៤. ត្រីសម្រាប់បរិភោគអាជីវករលក់ក្នុងតំបន់ និងមួយចំនួនទៀតលក់នៅផ្សារទីរួមខេត្ត និងតាមយឿត្រីនៅរាជធានីភ្នំពេញ ចំណែកត្រីនុយលក់អោយវារីវប្បករនៅក្នុងតំបន់។
ទី៥. ការធ្វើវារីវប្បកម្ម មានពីរប្រភេទ ចិញ្ចឹមក្នុងស្រះ និងចិញ្ចឹមក្នុងបែរ។ ត្រីនុយត្រូវបានយកធ្វេីជាចំណីសម្រាប់ការចិញ្ចឹម។
សូមជម្រាបជូនថា ៖ សកម្មភាពចុះសិក្សាវាយតម្លៃលើការធ្វើអាជីវកម្មត្រី ត្រីនុយ វារីវប្បកម្ម និងចរន្តទីផ្សារច្រកចេញ-ចូល គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឲ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៣ របស់អាជ្ញាធរទន្លេសាប។
សកម្មភាពខាងលើនេះ មានគោលបំណង៖
– សិក្សាតាមដានបរិមាណនៃការធ្វើអាជីវកម្មត្រី និងត្រីនុយ
– ប្រភព និងប្រភេទត្រីនុយដែលធ្វើអាជីវកម្មលើវារីវប្បកម្ម
– ចរន្តទីផ្សារនៃការធ្វើអាជីវកម្មធនធានធម្មជាតិ ៕
ដោយ ៖ សហការី