ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្ដែងនូវសេចក្តីសោកស្រណោះអាឡោះអាល័យជាពន់ពេក ជាមួយលោកជំទាវ សូ សូលីដារី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:០៤នាទី រំលងអាធ្រាត ដោយរោគាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ។
មរណភាពរបស់ ឯកឧត្តម អ៊ុក សុជាតិ គឺជាក្តីសោកសង្រេង អាឡោះអាល័យ សោកស្ដាយរកអ្វីប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់នូវស្វាមី ឪពុក និងជីតា ដែលជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការអប់រំផ្ដល់ដំបូន្មានដល់កូន ចៅ និងជាការបាត់បង់នូវធនធានមនុស្សដែលជាឥស្សរជនដ៏ឆ្នើមមួយរូប របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជា ព្រឹទ្ធាចារ្យវិរៈសិល្បករ និងជាថ្នាក់ដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើ ថែរក្សា ការពារ និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ឱ្យមានភាពរីកចម្រើន ដែលជាគំរូវីរ:ភាព និងជាគុណបំណាច់របស់ ឯកឧត្តម ចំពោះបុព្វហេតុបម្រើជាតិមាតុភូមិ។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយនឹងលោកជំទាវ សូ សូលីដារី និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម អ៊ុក សុជាតិ សូមបានប្រតិស្ឋានក្នុងទីឋានបរមសុខ នាសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ជូន ៖ អាសយដ្ឋានប្រារព្ធពិធីបុណ្យសព ឯកឧត្តម អ៊ុក សុជាតិ ផ្ទះលេខ៣១AEE1 ផ្លូវ១៣៥ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
ដោយ ៖ សហការី