ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខការពារជាតិ រំលេចស្នាដៃ និងសមិទ្ធផលកងទ័ពក្នុងការចូលរួមថែរក្សាសន្តិភាព និងបូរណភាពទឹកដី

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតកងយោធពលខេមរភូមិន្ទ និងចំថ្ងៃខួបទី៧០ នៃថ្ងៃបុណ្យឯករាជ្យជាតិខ្មែរ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) ផងនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានរំលេច និងវាយតម្លៃខ្ពស់នូវស្នាដៃ និងសមិទ្ធរបស់កងទ័ពដែលបានចូលរួមថែរក្សាការពារសុខសន្តិភាព ឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី និងកិច្ចការមនុស្សធម៌ និងសង្គមជាច្រើនទៀតជាមួយរាជរដ្ឋាភិបាល។

តាមរយៈសារជូនពរដល់នាយទាហាន នាយទាហានរង ពលទាហាន ក្នុងឱកាសខួបទី៧០ នៃ ការបង្កើតកងទ័ព នាយឧត្តមឧត្តមសេនីយ៍ ទៀ សីហា បានកោតសរសើរយ៉ាងស្មោះចំពោះរាល់ស្នាដៃ និងសមិទ្ធផលដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកងយោធពលខេមរភូមិន្ទខិតខំប្រឹងប្រែង សម្រេចបាននាពេលកន្លងមកទៅក្នុងកិច្ចការពារសន្តិភាព ឯករាជ្យអធិបតេយ្យ បូរភាពទឹកដីយ៉ាងគង់វង្ស ស្ថិតស្ថេរគ្រប់កាលៈទេសៈ ពង្រឹងខឿនការពារជាតិរបស់ប្រជាជន រឹងមាំខ្លាំងក្លា និងធ្វើឲ្យប្រជាជនបានរស់នៅដោយសុខដុមរមនាលើទឹកដីរបស់ខ្លួន និងមានឱកា សពេញលេញសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

តាមរយៈសារលិខិតជូនពរនេះ ប្រមុខការពារជាតិកម្ពុជា ក៏បានរំលេចផងដែរថា កងយោធពល ខេមរភូមិន្ទ បានសហការជាមួយក្រសួង ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ រួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា សន្តិសុខជាតិ តាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការការពារធនធានធម្មជាតិ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការជួយសង្រ្គោះប្រជាជនពេលកើតមានគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ជំងឺឆ្លងរាតត្បាត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងវិស័យការពារជាតិ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ៕

ដោយ ៖ សហការី


ចែករំលែក៖