សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោកឧត្តមនាវីត្រី Daniel Hagari បាននិយាយថាក្រុមហាម៉ាស់បានបាត់បង់ការគ្រប់គ្រងលើភាគខាងជើងនៃទីក្រុងហ្កាហ្សាហើយ ខណៈដែលជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់បានភៀសខ្លួនទៅភាគខាងត្បូងហ្កាហ្សា។
លោក Daniel Hagari ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយផ្សាយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃពុធសប្ដាហ៍នេះ។ ឧត្តមនាវីត្រីបានគូសបញ្ជាក់ដូច្នេះថា «យើងមើលឃើញប្រជាជនហ្កាហ្សា ៥០,០០០នាក់បានចាកចេញពីភាគខាងជើងទៅកាន់ភាគខាងត្បូងនៃតំបន់ហ្កាហ្សា។ ពួកគេចាកចេញពីព្រោះពួកគេយល់ថា ហាម៉ាស់បានបាត់បង់គ្រប់គ្រងលើភាគខាងជើង។ ហាម៉ាស់បានបាត់បង់ម្ចាស់ការនិងកំពុងបន្តបាត់បង់ការគ្រប់គ្រងលើភាគខាងជើង (នៃតំបន់ហ្កាហ្សា)»។
បើតាមលោក Daniel Hagari បច្ចុប្បន្ននឹងមិនមានបទឈប់បាញ់ឡើយ ប៉ុន្តែអ៉ីស្រាអែលកំពុងអនុញ្ញាតនិងទុកពេលវេលាខ្លះៗឱ្យ ប្រជាជនហ្កាហ្សាចាកចេញទៅភាគខាងត្បូង៕ ដោយ៖ ធីរីណា
រូបថត៖ Getty