ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ែន បូណា ៖ ខួប៧០ឆ្នាំនៃបុណ្យឯករាជ្យជាតិក្រោមម្លប់សន្តិភាព លើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការធានាស្ថិរភាពសង្គមនិងការអភិវឌ្ឍ

ចែករំលែក៖

ភ្នំពេញ៖  ថ្ងៃទី៩ វិច្ឆិកា ២០២៣ គឺជាខួបអនុស្សាវរីយលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ។ ប្រជាពលរដ្ឋខ្មែរសូមរម្លឹកនឹកគុណដល់វីរភាពនៃព្រះបិតាឯករាជ្យ ជាតិ ព្រះមហាវីរក្សត្រ (ព្រះបរមរតនកោដ្ឋ) ដែលបានបំពេញព្រះរាជបូនីយកិច្ចដ៏ឧត្តុង្គឧត្តមដើម្បីទាមទារឯករាជ្យជាតិពីបារាំងដោយសន្តិវិធី និងបានកសាងព្រះរាជាណាចក្រកម្ពុជាឱ្យបានស្គាល់ភាពរុងរឿងមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលខ្មែរចងចាំមិនភ្លេច។ 

ទន្ទឹមនឹងនេះដែរ ប្រជាពលរដ្ឋខ្មែរក៏សូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតដល់បិតាស្ថាបនិកនយោបាយឈ្នះ=ឈ្នះនិងជាប្រតិបត្តិករសន្តិភាពដ៏ឆ្នើម នោះគឺសម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរចេញពីជ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ និងបាននាំមកនូវសន្តិភាពពេញលេញដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍឱ្យកម្ពុជារីកចម្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំចុងក្រោយ។ 

ស្នាព្រះហស្តនិងស្នាដៃដ៏អស្ចារ្យរបស់ព្រះបរមរតនកោដ្ឋនិងសម្តេចតេជោ កំពុងត្រូវបានថែរក្សា ការពារ និងពូនជ្រំយ៉ាងហ្មត់ចត់បំផុតដោយមេដឹកនាំបន្តវេនប្រកបដោយថាមពលនិងទេពកោសល្យខ្ពស់ នោះគឺ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកធានានូវឯករាជ្យជាតិ សន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពសង្គម និងការអភិវឌ្ឍឱ្យស្ថិតស្ថេរជាដរាបតទៅក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ និងក្រោមកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ ដោយគ្មានអានុភាពអ្វីមករារាំងបានឡើយ៕

ដោយ៖ សូរិយា


ចែករំលែក៖