ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូក្រសួង​ចូលរួមព្រះរាជពិធីប្រទានភ្លើងជ័យ អបអរសាទរ​ ខួបអនុស្សាវរីយ៍លើកទី៧០ ​នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ចែករំលែក៖

ភ្នំពេញ​៖​ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​បានដឹកនាំប្រតិភូ​ថ្នាក់​ដឹក​នាំ និង​មន្ត្រីរាជការក្រសួង​ ​​នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០២៣នេះ​ បានអញ្ជើញចូលរួម​ព្រះរាជពិធី​ប្រទានភ្លើងជ័យ និងមីទ្ទីងមហាជន​ ​អបអរសាទរ​ខួបអនុស្សាវរីយ៍​លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃ​កងយោធពល​ខេមរ​ភូមិន្ទ ក្រោមព្រះ​រាជាធិបតីភាព​ដ៏ខ្ព​ង់ខ្ពស់​បំផុត​ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

 សូមជម្រាបថា​ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា​ លោក ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម​ ​​បានដឹកនាំ​ប្រតិភូថ្នាក់ដឹកនាំក្រសួងអញ្ជើញ​​​ដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះនរោត្តម សីហនុ ព្រះមហា​វីរក្សត្រ​ខ្មែរ “ព្រះបរមរតនកោដ្ឋ”  នៅមណ្ឌបព្រះបរមរូប ខាងកើតវិមានឯករាជ្យ​​ ដើម្បីរំលឹក​ដល់គុណូបការៈ​ និង​វីរភាពដ៏ធំធេងរបស់ព្រះបរមរតនកោដ្ឋដែលបាន​យាងបំពេញ​ព្រះរាជបូជនីយ​កិច្ច ក្នុងការដណ្តើម​ឯករាជ្យ​ពី​ប្រទេស​បារាំង។

 គួរបញ្ជាក់ថា​ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣គឺជាខួប៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បាន​រំដោះ​ខ្លួន​ទាំងស្រុង​ចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏​ក្លៀវក្លា​របស់​​ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។​ ជារៀងរាល់ឆ្នាំ​ ដើម្បីរំលឹក​ដល់​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធី​អបអរ​​សាទរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពងនៅលើបរិវេណវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ក្រោម​ព្រះរាជធិបតីភាព​ដ៏ខ្ព​ង់ខ្ពស់​បំផុត​ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ សូរិយា


ចែករំលែក៖