ភ្នំពេញ៖ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងយ៉ាងអធិកអធមក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
ព្រះរាជពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូល នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូតនានាប្រចាំកម្ពុជា ក្រសួង-ស្ថាប័ននានា កងយោធពលខេមរភូមិន្ទ និងកងនគរបាលបាលជាតិ ប្រជាពលរដ្ឋ សិស្ស និស្សិត ក្រុមយុវជនកាយឬទ្ធិ និងយុវជនកាកបាទក្រហមយ៉ាងច្រើនកុះករ ក៏បានទៅចូលរួមអបអរសាទរនៅវិមានឯករាជ្យ និងនៅមុខព្រះមរបរាជវាំងផងដែរ។
ថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះជាថ្ងៃប្រវត្តិសាស្រ្ត ដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។ ថ្ងៃនេះប្រជាពលរដ្ឋខ្មែរមានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទនៈភាពជាតិ ដែលមិនត្រូវឱ្យមានអ្វីមករំខានដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាតទៅទៀតឡើយ។ ហើយការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្រៅតែពីក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តនានាក៏មានការរៀបចំពិធីអបអរសាទរដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជានេះផងដែរ។
បន្ថែមពីលើការប្រារព្ធពិធីអបអរសាទរនៅថ្ងៃទី៩ ខែវិច្ឆិកានេះ នៅមួយថ្ងៃមុននៃការប្រារព្ធពិធីនេះ ពោលនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ក៏មានការរៀបចំឱ្យមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មកពីតាមបណ្តាក្រសួងស្ថាប័ននានា កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ បានដាក់ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅមណ្ឌបព្រះបរមរូបក្បែរវិមានឯករាជ្យផងដែរ។ ការចូលគោរពព្រះវិញ្ញាណក្ខន្ធនេះ ដើម្បីរលឹកនឹកដល់គុណូបការៈ និងវីរភាពដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានយាងបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល បញ្ញាញាណ ក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំង។
សូមបញ្ជាក់ថា បារាំងបានដាក់អាណានិគមលើដែនដីសុវណ្ណភូមិ អស់រយៈពេលជិតមួយសតវត្សរ៍ ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ៕
ដោយ៖ សហការី