ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ដើម្បីពិនិត្យការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទក្នុងតំបន់ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានតាមបណ្ដាខេត្ត បន្តចុះយាមល្បាតជារៀងរាល់ថ្ងៃ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ជាក់ស្ដែងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រៃវែង កាលពីថ្ងៃទី០៨ ខែវិច្ឆិកាម្សិលមិញនេះ បានចុះយាមល្បាត ដើម្បីពិនិត្យ ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ទួលព័ន្ធតាឡីបឹងស្នេហ៍ ជាមួយគ្នានេះ ក្រុមល្បាតក៏បានណែនាំ ប្រជាពលរដ្ឋមិនឲ្យចូលបាញ់ ឬទាក់សត្វស្លាប ក្នុងតំបន់ខាងលើនេះផងដែរ។
ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្សការិយាល័យតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង នាថ្ងៃទី០៨ ខែវិច្ឆិកានេះដែរ បានចុះល្បាតចាប់ពីចំនុចព្រៃស្វាយស ដល់ចំនុចព្រៃភ្នំស្រួច ស្ថិតនៅភូមិសាស្រ្ដ ភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី។
ក្នុងថ្ងៃជាមួយគ្នានេះ មន្រ្តីឧទ្យានុរក្សការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បានចូលរួមសហការណ៍ជាមួយដែនជម្រកសត្វព្រៃឆែប បានចុះល្បាតចំណុចកំពង់សាមី កំពង់ព្រះឥន្រ្ទ ស្ថិតនៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។
ដោយឡែកចាប់ថ្ងៃទី០៧ ដល់ ០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីស្នាក់ការអន្ទឹល និងស្នាក់ការកំប្រាក់ បានចុះល្បាតដល់ចំណុចជញ្ជាំង ស្ថិតនៅភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពុំជួបបទល្មើសអ្វីទេ។
ក្រសួងបរិស្ថាន បានគូសបញ្ជាក់ដែរថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកាម្សិលមិញនេះ សាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចឃុំខ្លួនបុរសម្នាក់ ជាបណ្តោះអាសន្ននៅពន្ធនាគារ។ យោងតាមដីកាតុលាការ បុរសនេះត្រូវបង្គាប់ដោយតុលាការឲ្យឃុំខ្លួន នៅក្រោមការពិនិត្យនៃបទ កាប់គាស់ កាប់រុនរានព្រៃ ឆ្ការ ដុតនិងឈូសឆយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ប្រព្រឹត្តនៅត្រង់ចំណុច អាងវល្លិ៍ល្មៀត ភូមិអូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ៕
ដោយ៖ សហការី